TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayon Temple

Angkor Thom

Apasara Angkor

Music and Literature of the ancient Cambodia

Farm of Khmer

landscape of Khmer's Farm

Provinces of Cambodia

Picture for each provinces of Cambodia

View of Sun Set in Cambodia

1.View Sun Set at Tunle Sab River, 2.View Sun Set at Infront of Royal Palace, View Sun Set at Bak Kheang (Seam Riep),View Sun Set at O'Chertiel Beach

Security Gaurd of Anachak Angkor

We are here! Because this Kingdom is Ours....!

និស្សិត​ខ្មែរ​​សិក្សា​នៅ​​អាមេរិក ​ប្រាប់​ពី​ល្បិច​សុំ​​​អាហារូបករណ៍​​​​បរទេស​


មិន​ងាយ​មាន​និស្សិត​ខ្មែរ​ណា​​អាច​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ពីរ​ដង​ផ្ទួន​គ្នា​ទេ​ ប៉ុន្តែ​ មាស ថុង​ គឺ​ជា​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដ៏​កម្រ​ទាំង​នោះ។ នៅ​ឆ្នាំ​២០០៨​កន្លង​ទៅ​ អតីត​និស្សិត​​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​រូប​នេះ​ ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​អូស្រ្តាលី។
បច្ចុប្បន្ន​ យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប​រូប​នេះ​ កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល​ពីរ​ឆ្នាំ​ ឯ​សាកល​វិទ្យាល័យ​ University of Kentucky ​សហរដ្ឋ​​អាមេរិក។ ថ្លៃ​ជួល​ផ្ទះ​ ថ្លៃ​សាលា​ ថ្លៃ​ម្ហូបអាហារ​ ថ្លៃ​​ប្រដាប់​ប្រដា​រៀន​សូត្រ​ ថ្លៃ​សំបុត្រ​យន្ត​ហោះ​​ទៅ​មក​ និង​ថ្លៃ​ចាយវាយ​ផ្សេង​ទៀត​ គឺ​អាហារូបករណ៍​នោះ​រ៉ាប​រង​ទាំង​អស់។
ចង់​ដឹង​ថា​ និស្សិត​ខ្មែរ​រូប​នេះ​មាន​បច្ចេក​ទេស​ស្វះ​ស្វែង​រក​អាហារូបករណ៍​យ៉ាង​ណា​ ថ្ងៃ​នេះ​ Sabay បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​រូប​​លោក​​ដូច​តទៅ៖
មាស ថុង
Sabay៖ លោក​ មាស ថុង តើ​អាហារូបករណ៍​ដែល​លោក​កំពុង​សិក្សា​នេះ​ មាន​ឈ្មោះ​អ្វី​ដែរ​ ហើយ​លោក​​ដឹង​ព័ត៌មាន​អំពី​វា​​ដោយ​របៀប​ណា?
មាស ថុង៖ អាហារូបករណ៍​ដែល​ខ្ញុំ​ទទួលបាន​នេះ​មាន​ឈ្មោះ​ថា​ Cambodia HARVEST Scholarship Program, ជា​កម្មវិធី​ដែល​រៀប​ចំ​ដោយ កម្មវិធីអភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា​យើង​​ឈ្មោះថា Cambodia HARVEST Program ​ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ នៃ​សហរដ្ឋអាមេរិក​​(USAID)។
ក្រៅ​ពី​កម្មវិធី​បែប​នេះ​ ក៏​មាន​កម្មវិធី​ដ៏​ទៃ​ទៀត​ដែល​ឧបត្ថម្ភ​និស្សិត​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ដូចជា​កម្មវិធី​ Fulbright ​ជាដើម​ ដែលជា​អាហារូករណ៍​ដ៏​ល្បី​មួយ​របស់​អាមេរិក។ ព័ត៌មាន​ទាក់​ទង​នឹង​អាហារូបករណ៍ Fulbright ​​នេះ​ យើងអាច ស្វែងរកបានតាម​រយៈ​វិបសាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ និង​គេហទំព័រ​បរទេស​ផ្សេង​ទៀត។ មិន​មាន​អ្វី​ជា​លាក់​កំបាំង​ទេ​ ពេល​ណា​រដូវ​បើក​ប្រកាស​ប្រគល់​អាហារូបករណ៍​មក​ដល់​ ស្ថានទូត​អាមេរិក​នឹង​ជូន​ដំណឹង​ដល់​និស្សិត​ខ្មែរ​ ទាំង​នៅ​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​បាន​ដឹង​មិន​ខាន​ឡើយ។
តាម​ពិត​ទៅ​ ​ ខ្ញុំក៏ធ្លាប់ប៉ង​អាហារូបករណ៍ Fulbright នេះ​ដែរ​ ​ ហើយខ្ញុំ​ក៏ធ្លាប់បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​កម្មវិធីផ្សេង​ទៀត​ជា​ច្រើនដែរ​កន្លង​មក​ ​ តែ​​ខ្ញុំ​បែរ​ជាមានសំណាង​មក​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​កម្មវិធី​ USAID Cambodia HARVEST Program ​ទៅវិញ កាល​ពី​ឆ្នាំ​ទៅ​មិញ។ កម្មវិធីនេះ ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កម្មវិធី ​Fulbright ដែរ។ ចំណែក​ឯដំណឹងទាក់ទងនឹងកម្មវិធីនេះ ខ្ញុំទទួលបាន​តាមរយៈ​សារ email ការ​ផ្សាយ​តាម​ទំព័រ​កាសែត និង​ការធ្វើបទបង្ហាញ​ដោយ​អ្នករៀបចំកម្មវិធីផងដែរ។
Sabay៖ អាច​ប្រាប់​ព័ត៌មាន​ជុំ​វិញ​​អាហារូបករណ៍​របស់​អ្នក​បន្តិច​​បាន​ទេ?
មាស ថុង៖ កម្មវិធី​អាហារូបករណ៍​ដែល​ខ្ញុំ​កំពុង​តែ​រៀន​នេះ​ គឺ​ផ្ដល់​សម្រាប់​និស្សិត​ខ្មែរ​ ដែល​ចង់​ស្វែង​រក​ការ​សិក្សា​ថ្នាក់​អនុបណ្ដិត​នៅ​សហរដ្ឋ​អាមេរិក​ ផ្នែក​ជំនាញដែលពាក់ព័ន្ធនឹងកសិកម្ម។ ហើយ​ឥឡូវ​ ខ្ញុំ​កំពុង​សិក្សា​យក​អនុបណ្ឌិត​ ផ្នែក​សេដ្ឋកិច្ច​កសិកម្ម​ រយៈ​ពេល​ពីរ​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ University of Kentucky ឯ​សហរដ្ឋ​អាមេរិក។
Sabay៖ តើ​ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ?
មាស ថុង៖ រឿង​សុំ​អាហារូបករណ៍​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ និង​តម្រូវ​ឲ្យ​សរសេរពាក្យស្នើសុំ​ និងលក្ខខណ្ឌមួយចំនួន ដូចជា​ឲ្យ​មាន​បទ​ពិសោធន៍​បម្រើការងារមួយ​ចំនួន​ទៀត​ផង។ តម្រូវ​ការ​ទី​មួយ​ក្នុង​ការ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ គឺ​កម្រិត​ភាសា​អង់គ្លេង។ ដើម្បី​ឲ្យ​ពាក្យ​សុំ​អាហារូបករណ៍​របស់​យើង​ត្រូវ​បាន​គណៈ​មេ​ប្រយោគ​ពិចារណា​ អ្នក​ត្រូវ​តែ​មាន​ពិន្ទុ​ TOEFL iBT ៨០​​ ឬ​ IELTS ៦.៥ តែ​បើ​បាន​ TOEFL iBT ​៨៨ ឬ ​IELTS​ ៧.០​ គឺ​កាន់តែប្រសើរ ជាពិសេស​សម្រាប់​អាហារូបករណ៍​ Fulbright។ ដូច្នេះ​បើ​សិន​អ្នក​មាន​បំណង​ចង់​សុំ​អាហារូបករណ៍​ ពិន្ទុ​ភាសា​អង់​គ្លេស​ខ្ពស់​នឹង​ជួយ​ឲ្យ​ពាក្យ​ស្នើ​សុំ​របស់​អ្នក​កាន់​តែ​មាន​អាទិភាព​ខ្ពស់។
ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ​ សម្រាប់​និស្សិត​ដែល​ប្រាថ្នា​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ គួរ​តែ​ត្រៀម​សម្រាប់​ការ​ធ្វើ​តេស្ត​កំរិត​អន្តរជាតិ​ផ្សង​ទៀត​ ដូច​ជា​ GRE និង​GMAT ​ឲ្យ​ហើយ​ទៅ។
លើស​ពី​នេះ​ អាហារូបករណ៍ទូទៅ នឹង​ទាម​ទា​ កម្រិត​ពិន្ទុមធ្យម​ ឬ​ហៅ​កាត់​ថា​ GPA​ ខ្ពស់, មាន​បទ​ពិសោធន៍​ការងារ​ និង​ធ្លាប់​បម្រើ​​ការងារ​ក្នុង​វិស័យ​ណា​មួយ​កន្លង​មក។ កម្រិត​GPA​ទាប​បំផុត​ក៏​ ៣.០​ដែរ។ សម្រាប់​បទ​ពិសោធន៍​ការងារ​វិញ​ កម្មវិធី​អាហារូបករណ៍​ខ្លះ​នឹង​កំណត់​ថា​ បេក្ខជន​ត្រូវ​ធ្លាប់​ធ្វើការ​រយៈពេល​ណា​មួយ​ ហើយ​ការងារ​នោះ​ទាក់​ទង​នឹង​អាហារូបករណ៍​ដែល​កំពុង​ស្នើ​សុំ។
Sabay៖ ជា​ធម្មតា​ ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​ គេ​នឹង​តម្រូវ​ឲ្យ​សរសេរ​អត្ថបទ​មួយ​ (Essay)។ តើ​ក្នុង​អត្ថបទ​នោះ​គួរ​សរសេរ​បែប​ណា?
មាស ថុង៖ ដើម្បី​អាច​សរសេរ​Essay​បាន​ល្អ​ គឺ​អ្នក​ត្រូវ​តែ​បង្ហាញ​ថា​ អ្នក​ពិត​​ជា​បេក្ខជន​ដ៏​ស័ក្ត​សម​បំផុត​សម្រាប់​អាហារូបករណ៍​នេះ។ សម្រាប់​ Development Scholarship ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ ត្រូវ​តែ​ពិពណ៌នា​អំពី​គុណ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​អ្នក,​ ការ​រួម​ចំណែក​របស់​អ្នក​ជួយ​សង្គម​នា​ពេល​កន្លង​មក,​ ការ​ប្តេជ្ញា​ចិត្ត​របស់​​អ្នក​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម,​ តើ​អ្នក​នឹង​ធ្វើ​ឲ្យ​គម្រោងរបស់​អ្នក​​ចេញ​ជា​ផ្លែ​ផ្កា​ដោយ​របៀប​ណា, ​ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ តើ​អាហារូបករណ៍​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ដោយ​របៀប​​ណា។ ទាំង​នេះ​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ចូល​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​របស់​ខ្ញុំ​ ហើយ​វា​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​មែន។
Sabay៖ តើ​ការ​សុំ​​អាហារូបករណ៍​មួយ ​តម្រូវ​ឲ្យ​មាន​ការ​ត្រៀម​ខ្លួន​អ្វី​ខ្លះ?
មាស ថុង៖ ការ​ត្រៀម​ខ្លួន​សម្រាប់​សុំ​អាហារូបករណ៍​​គឺ​សាមញ្ញ​ទេ។ ដំបូង​ ខ្ញុំ​គ្រាន់​តែ​ដុះ​​ខាត់​ភាសា​អង់​គ្លេស​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ភាសា​អង់​គ្លេស​មិន​មែន​ត្រឹម​តែ​សម្រាប់​ប្រជែង​យក​អាហារូបករណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជំនាញ​នេះ​​សំខាន់​ណាស់​សម្រាប់​ពេល​បាន​អាហារូបករណ៍​ហើយ ចូល​ទៅ​សិក្សា​នៅ​ប្រទេស​គេ​ និង​សំខាន់​សម្រាប់​ការ​ងារ​នា​ថ្ងៃ​អនាគត​របស់​យើង​ដែរ។
ទន្ទឹម​គ្នា​នោះ​ដែរ​ ខ្ញុំ​តែង​តែ​ស្រាវជ្រាវ​ដំណឹង​ផ្សេង​ៗ​ទាក់​ទង​នឹង​អាហារូបករណ៍​ដែល​ធ្លាប់​​ផ្ដល់​ឲ្យ​និស្សិត​ខ្មែរ​​នា​ពេល​កន្លង​មក​ និង​កាល​បរិច្ឆេទ​បិទ​ការ​ស្នើ​សុំ​​អាហារូបករណ៍​នោះ។ នៅ​ពេល​អាហារូបករណ៍​ណា​មួយ​​ធ្លាក់​មក​ដល់​ ខ្ញុំ​គ្រាន់​តែ​ដាក់​ពាក្យ​សុំ​បន្តការសិក្សាតែ​ជំនាញ​ណា​ដែល​ទាក់​ទង​នឹង​​ការ​សិក្សា​មុនៗ និង​ការងារ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។
Sabay៖ ក្រោយ​ពេល​​ដាក់​ពាក្យ​រួច​ អ្នក​ត្រូវ​បាន​គេ​ទូរសព្ទ​ហៅ​ឲ្យ​មក​សម្ភាសន៍​ តើ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ណា​ដែរ?
មាស ថុង៖ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ណាត់​ឲ្យ​មក​សម្ភាស​ន៍​ នេះ​មាន​ន័យ​ថា​ អ្នក​ត្រូវ​តាម​អ្វី​ដែល​អាហារូបករណ៍​នោះ​ចង់​បាន។ ជា​ធម្មតា​ ការ​សម្ភាស​គឺ​គ្រាន់​តែ​ជា​ការ​ផ្ទៀង​ផ្ទាត់​អ្នក​ ជាមួយ​​នឹង​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​នឹង​ផ្តល់​ឱកាស​មួយ​ដល់​អ្នក​ក្នុង​ការ​ប្រាប់​ដល់​គណៈ​មេ​ប្រយោគ​ លម្អិត​បន្ថែម​ទៀត​អំពី​ខ្លួន​អ្នក។
ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​​សម្ភាសន៍​ ខ្ញុំ​ត្រូវ​មើល​ពាក្យ​ស្នើ​សុំ​របស់​ខ្ញុំ​ឡើង​វិញ​ ពិនិត្យ​មើល​អ្វី​ដែល​គួរ​តែ​ប្រាប់​ដល់​គណៈ​មេ​ប្រយោគ​បន្ថែម​ទៀត​ ដូច្នេះ​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​អាហារូបករណ៍​របស់​ខ្ញុំ​កាន់​តែ​មាន​ទម្ងន់​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ ខ្ញុំ​ត្រូវ​ព្យាយាម​បញ្ចុះ​បញ្ចូល​គណៈ​មេ​ប្រយោគ​ ថា​ខ្ញុំមានទំនុក​ចិត្តពេញលេញលើខ្លួនឯង​ និង​មានការ​ត្រៀម​ខ្លួន​ជា​​ស្រេច​ក្នុងការបំពេញការសិក្សាបន្តនេះ។
Sabay៖ តើ​អ្នក​មាន​ជា​យោបល់​អ្វី​ផ្ដល់​ដល់​និស្សិត​ខ្មែរ​ ដែល​ចង់​សុំ​អាហារូបករណ៍​ដូច​អ្នក​ដែរ​ ឬ​ទេ?
មាស ថុង៖ ខ្ញុំ​យល់​ថា​ និស្សិត​ដែល​ចង់​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ដំបូង​ត្រូវ​ត្រៀម​ភាសា​អង់គ្លេស​ (ដើម្បីធ្វើតេស្ត TOEFL/IELTS), ​លួច​​សាក​ល្បង​ធ្វើ​តេស្ត​កំរិត​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ដូច​ជា​ GRE ឬ GMAT, គួរ​ចូល​បម្រើ​ការងារ​នៅ​ស្ថាបន​ណា​មួយ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ខ្លះ, រៀន​សរសេរ​ពាក្យ​សុំ​អាហារូបករណ៍ រៀបរាប់​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ និង​គោលដៅ​នៅ​ថ្ងៃ​​អនាគត, ប៉ុន្តែ​ក្នុង​ពាក្យ​សុំ​អាហារូបករណ៍​អ្នក​ក៏​ត្រូវ​បន្ថែម​អំពី​គម្រង​នៃ​ការ​សិក្សា​របស់​អ្នក​ផង​ដែរ៕

Source : sabay

សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​នាំ​ឲ្យ​ខ្ញុំ​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន​


ជា​ទូទៅ​អ្នក​មាន​សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​រមែង​ទទួល​បាន​ភាព​​ជោគ​ជ័យ។​ជាក់ស្តែង​យុវជន ​​ខឹម​ បូរិន​ អាយុ​ ២៤​ ឆ្នាំ​​បាន​និយាយ​ថា ​សមត្ថភាព​ និង​ការ​ជឿ​ជាក់​លើ​ខ្លួនឯងពិត​​​ជា​កត្តា​ចម្បង​មួយ​នាំ​ឲ្យ​​លោក​​ជាប់​អាហារូបករណ៍​​ និង​កំពុង​​សិក្សា​នៅ​ប្រទេស​ជប៉ុន ​ថ្នាក់​អនុបណ្ឌិត ​ជំនាញ​កសិកម្ម​។
មាន​ស្រុក​កំណើត​នៅ​ឯ​​ភូមិ​​ពេជ្រ​ចង្វា​ ឃុំ​បឹង​ត្រាញ​ខាង​ជើង​ ស្រុក​សំរោង​ខេត្ត​តាកែវ​ បូរិន​ គឺ​ជា​អតីត​​និស្សិត​​ថ្នាក់​បរិញ្ញាបត្រ​នៅ​​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម និង​បាន​ជាប់​អាហារូបករណ៍​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន​ កាល​ពី​ដើម​ឆ្នាំ​២០១៣​ កន្លង​មក​នេះ។
ក្រោម​កម្ម​វិធី​អាហារូបករណ៍​ផ្ដល់​ដោយ​ក្រសួង​អប់រំ​ប្រទេស​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា​ MONBUKAGAKUSHO ឬ MEXT Scholarship 2013 ​បូរិន​ បាន​​រៀប​រាប់​​ថា​ មាន​​កត្តា​ពីរ​យ៉ាង​ដែល​​នាំ​ឲ្យ​លោក​ទទួល​បាន​អាហារូបករណ៍​នៅ​ប្រទេស​ជប៉ុន​​គឺ​កត្តា​ ក្នុង​ខ្លួន​ និង​កត្តា​ក្រៅ​ខ្លួន។កត្តា​​ក្នុង​ខ្លួន​គឺ​ សមត្ថ​ភាព​​ និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ រីឯ​កត្តា​ក្រៅ​ខ្លួន​វិញ​គឺ​ការ​គាំ​ទ្រ​ពី​ក្រុម​គ្រួសារ​ ពី​មនុស្ស​ជាទី​ស្រលាញ់ និង​ការ​ផ្ដល់​កម្លាំង​ចិត្ត​​ខ្លាំង​ពី​មិត្តភ័ក្ដិ​ ព្រម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ពី​អតីត​និស្សិត​ជយលាភី​ជំនាន់​មុន។
បូរិន​ បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួនទៀតថា​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ ជប៉ុន​ បេក្ខជន​អាច​ទាក់​ទង​នៅ​ការិយាល័យ​​អាហារូបករណ៍​​​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ និង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ និង​ត្រូវ​ចេះ​​ភាសា​អង់គ្លេស​ល្អ​បង្គួរ​ ព្រោះ​​​ការ​សិក្សា​ និង​គ្រប់​គម្រោង​ស្រាវ​ជ្រាវ​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​។​​​​​
​ទោះ​យ៉ាង​ណា​ បូរិន​ បាន​រៀប​រាប់​ពី​ការ​លំបាក​របស់​ខ្លួន​ខ្លះ​ៗ​ថា​ កត្តា​ភាសា​គឺ​ជា​​ការ​លំបាក​មួយ​ ព្រោះ​រាល់​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​ នៅ​ក្នុង​តំបន់​ភាគ​ច្រើន​ពួក​គាត់​និយម​ប្រើ​ប្រាស់​ភាសា​ជប៉ុន​​ជា​គោល​។ការ​លំបាក​ទី​២ គឺ​អាកាស​ធាតុ​ ខណៈ​នៅ​កម្ពុជា​មាន​សីតុណ្ហភាព​​ជា​មធ្យម​​៣៧​ ទៅ​៣៨ អង្សារ តែ​សម្រាប់​ប្រទេស​ជប៉ុន​វិញ​មាន​សីតុណ្ហភាព​​ចន្លោះ​ពី​​៧​ទៅ​១០​ អង្សារ​ ដែល​​ពី​ដំបូង​ធ្វើ​ឲ្យ​ត្រជាក់​ខ្លាំង​ពិបាក​ទ្រាំ​។​ការ​លំបាក​ចុង​ក្រោយ​គឺ​ម្ហូប​អាហារ។ម្ហូប​ជប៉ុន​ មាន​រស់​ជាតិ​ខុស​ប្លែក​ពី​ម្ហូប​ខ្មែរ ដូច្នេះ​មាន​ការ​លំបាក​បន្តិច​​ពេល​មក​ដល់​មួយ​ខែ​ដំបូង​។តែ​មក​ដល់​ឥឡូវ​ អាច​ញ៉ាំ​បាន​ស្ទើរ​គ្រប់​មុខ​ម្ហូប​ទៅ​ហើយ៕

Source : sabay

មុនបាន​​​អាហារូបករណ៍​​បរទេសខ្ញុំធ្លាប់ជា​សិស្ស​គេច​សាលា​ និង​ញៀន​​បាល់


ក្នុង​​វ័យ​ ២៦ ​ឆ្នាំ​​ យុវជន​ តែ រតនៈ​ បច្ចុប្បន្ន​គឺ​ជា​និស្សិត​អាហារូបករណ៍​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស អេស្តូនី​ លើ​មុខ​ជំនាញ​គ្រប់​គ្រង​បច្ចេកវិទ្យា​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​បន្ទាប់​ពី​​បញ្ចប់​ការ​សិក្សា​អាហារូបករណ៍​​នៅ​ប្រទេស​ចិន​លើ​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​។
រតនៈ​ បាន​រំលឹក​ថា ដើម​ឡើយ​រូប​គេ​ធ្លាប់​ជា​អតីត​សិស្ស​មួយ​រូប​ងប់ងុល​​នឹង​កីឡា​បាត់​ទាត់​ ​បាល់​ទះ​ ​គេច​​សាលារហូត​ចំណាយ​ពេល​ស្ទើរ​ទាំង​ស្រុង​ពី​ការ​សិក្សា​ដើម្បីលេង​កីឡា។ ដូច្នេះ​តើ​កត្តា​អ្វី​ ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ផ្លាស់​ប្ដូរ ហើយ​ក្លាយ​ខ្លួន​ជា​និស្សិត​ឆ្នើម​បែប​នេះ​ទៅ​វិញ​?។
មាន​ស្រុក​កំណើត​ នៅ​ភូមិ​វត្ត​ ឃុំ​វត្ត​ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ រតនៈ​គឺជា​កូន​ច្បង​គេ​ ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤ នាក់​ ដែល​​ឪពុកម្ដាយ​គឺជា​អាជីវករ​លក់ដូរ​បន្តិច​បន្តួច​នៅ​ផ្ទះ​។
អំឡុង​ឆ្នាំ​២០០២ ក្រោយ​បញ្ចប់​អនុវិទ្យាល័យ​ក្រចេះ​ក្រុង​ ​រតនៈ​បាន​​ចូល​សិក្សា​នៅ​វិទ្យាល័យ​ព្រះកុសុមៈ​ ​ដោយ​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​​នឹង​ការ​លេង​កីឡា​បាល់​ ទាត់​ និង​បាល់​ទះ​ ភ្លេច​ការ​សិក្សា​​។
រតនៈ​ ​​បាន​រៀប​រាប់​បន្ត​ថា​ នៅ​ថ្ងៃ​ទី៨ ខែ​សីហា​ ឆ្នាំ​២០០៥ ​បាន​មក​ដល់​ ជា​ថ្ងៃ​ប្រលង​ថ្នាក់​ជាតិ​ រូប​គេ​ក៏​ដូច​ជា​សិស្ស​ផេ្សងៗ​ទៀត​ដែរ​ បាន​ខិត​ខំ​ប្រលង​យ៉ាង​សស្រាក់​សស្រាំ​ ប៉ុន្តែ​លទ្ធ​ចេញ​មក​ធ្វើ​ឲ្យ​ប្អូន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ នោះ​មិន​មែន​មាន​ន័យ​ថា​ប្អូន ប្រលង​ធ្លាក់​ទេ​ តែ​លទ្ធ​ផល ដែល​បាន​ត្រឹម​និទ្ទេស​ D នេះ​ ធ្វើ​ឲ្យ​ រតនៈ កាន់​តែ​ខ្មាស​គេ​ខ្លាំង​​ទៅ​វិញ​ ដោយ​សារ​តែ​មិត្តភ័ក្ដិ​ជាច្រើន​បាន​និទ្ទេស​ល្អ។ រតនៈ និយាយ​ថា​”និទ្ទេស​នេះ​ ខ្ញុំ​មិន​បាន​ទទួល​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ​ណាមួយ​ឡើយ​ រួច​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា​ គួរ​ធ្វើ​អ្វី​បន្ត​?”។
រតនៈ​ បាន​សម្រេច​ចិត្ត​មក​ទីក្រុង​ភ្នំពេញ​ ហើយ​ចុះ​ឈ្មោះ​ចូល​រៀន​បង់​ថ្លៃ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ តាម​ការ​ណែនាំ​ពីសំណាក់​បង​ប្អូន​ និង​មិត្តភ័ក្ដិ​មួយ​ចំនួន​ ។​” ឆ្នាំ២០០៩​ ​ប្អូន​​ក៏បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ ប៉ុន្តែ​ពិន្ទុ​មធ្យម​ភាគ​គឺ​ទាប​មែន​ទែន​(GPA <3.0)។ វា​គឺ​ជា​បរាជ័យ​លើក​ទី២​ បន្ទាប់​ពី​ការ​ប្រលង​បាក់​ឌុប​ ​។​រតនៈ​ បន្ថែម​។ តែ​អាច​ចាត់​​ទុក​ថា​ជា​​សំណាង​របស់​ខ្លួន​​ រតនៈ​ បាន​រៀន​ភាសា​អង់គ្លេស​មួយ​រយៈ​ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​(IFL)​ ក្រោយ​មក​ក៏​បាន​សម្ភាសន៍​ជាប់​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ANZ Royal Bank ។ ធ្វើ​ការងារ​នៅ​ទីនោះ​ រតនៈ​ បាន​ស្គាល់​មនុស្ស​ជាច្រើន​រួម​មាន​ មិត្ត​រូម​ការងារ​ អ្នក​គ្រប់​គ្រង​តាម​ផ្នែក​និមួយៗ​  និង​បាន​រៀន​សូត្រ​ពី​របៀប​ធ្វើការ​ងារ​​ពី​បុគ្គលិក​មួយ​ចំនួន​។
ពេល​នោះ​ហើយ​ ដែល​​រតនៈ​ចាប់​ផ្ដើម​មាន​ចំណង់​ចំណូល​ចិត្ត ផ្នែក​ជំនួញ​ និង​គ្រប់​គ្រង​ធនធាន​មនុស្ស​  ហើយ​គិត​ថា​ តើ​ត្រូវ​ប្តូរ​មុខ​ជំនាញ​ពី​​កុំព្យូទ័រ​​ជា​គ្រប់​គ្រង​ ដោយ​វិធី​ណា?​”។ ពេល​ នោះ​គំនិត​មួយ​បាន​ ផុស​ឡើង​ គឺ​មាន​តែ​ដាក់​អាហារូបករណ៍​ទៅ​បរទេស​ទេ​ ទើប​អាច​សម្រេច​ការ​ស្រម៉ៃ​នេះ​បាន​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ រតនៈ​​ក៏​សួរ​ខ្លួន​ថា​ តើ​ទៅ​ ដោយ​របៀប​ណា បើ​ខ្លួន​មិន​មែន​ជា​សិស្ស​ពូកែ​ផង​?
នេះ​គឺ​ជា​ការ​សុបិន​ទាំង​ថ្ងៃ​ ព្រោះ​វា​ជា​រឿង​មួយ​លំបាក​ណាស់​ ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ។​ អាហារូបករណ៍​នៅ​ក្នុង​ស្រុក​ខ្លួន​មិន​ជាប់​ផង​ ចុះ​ទម្រាំ​បរទេស​ទៀត​ ពិត​ជា​ការ​ស្រមើ​ស្រ ម៉ៃ​ពេក​​ហើយ រតនៈ​ អើយ​​។
រតនៈ​ បាន​បញ្ជាក់​ថា​ ជាទូទៅ​អាហារូបករណ៍​មាន​ពីរ​ប្រភេទ​ ប្រភេទ​ទី១​ គឺ​អាហារូបករណ៍ តាម​អ៊ីនធឺណិត​(Online Scholarship) ដែល​តម្រូវ​ឲ្យ​បេក្ខជន​ផ្ញើ​សំណុំ​បែប​បទ​ទៅ​អ្នក​ផ្ដល់​អាហារូបករណ៍ ​។សំណុំ​បែប​បទ​ អាហារូបករណ៍ ដែល​ត្រូវ​ផ្ញើ​ទៅ​រួម​មាន​ សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​(Diploma) ព្រឹត្តិបត្រ​ពិន្ទុ​ខ្ពស់​(Transcript: GPA>3.5)​លិខិត​ណែនាំ​ពី​សាស្ត្រាចារ្យ(Letter of recommendation ) ថ្លៃ​​ដាក់​ពាក្យ​(Application Fee)ពិន្ទុ​អង់គ្លេស​(Official English Score:TOEFLE/IELTs) លិខិត​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​(Letter of Motivation)​ គម្រោង​ ដែល​ត្រូវ​ទៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​(Research Proposal)ជាដើម។
រតនៈ និយាយ​ថា​ ចំណុច​ទាំង​អស់​នេះ​បើ​ក្រឡេក​មើល​ពី​សមត្ថ​ភាព​របស់​ខ្លួន​ គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ​ ព្រោះ​ព្រឹត្តិបត្រ​ពិន្ទុ​ទាប​មែន​ទែន​(GPA<3)​ ហើយ​ពិន្ទុ​ភាសា​អង់គ្លេស​ទៀត​សោត​(TOEFLE/IELTs)ក៏​មិន​ទាន់​មាន​ ព្រោះ​គ្មាន​ប្រាក់​ទៅ​ប្រលង​ ដែល​ត្រូវ​ចំណាយ​ប្រហែល​១៧០​ដុល្លារ​។
ប៉ុន្តែ​កត្តា​ឧបសគ្គ​ខាង​លើ​មិន​បាន​ធ្វើ​ឲ្យ​ រតនៈ​ អស់​សង្ឃឹម​ទេ​ ព្រោះ​អាហារូបករណ៍​ប្រភេទ​ទី២​ មិន​តម្រូវ​ឲ្យ​ផ្ញើរ​សំណុំ​បែប​បទ​ទាំង​នោះ​ទេ​។​ ជា​ដំបូង​ត្រូវ​ទៅ​ទិញ​ពាក្យ​ប្រលង​នៅ​នាយក​ដ្ឋាន​អាហារូបករណ៍​ ហើយ​ដាក់​ពាក្យ​ជាមួយ​ និង​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ រួច​រង់​ចាំ​ថ្ងៃ​ប្រលង​ ដែល​រៀប​ចំ ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។
រតនៈ​ បាន​រៀបរាប់​ទៀត​ថា​ “ខ្ញុំ​រៀន​មិន​ពូកែ​តាំង​ពី​ថ្នាក់​វិទ្យាល័យ​ រហូត​មក​​ដល់​មហាវិទ្យាល័យ​ ប៉ុន្តែ​ដោយ​សារ​តែ​ចង់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​ មុន​ពេល​ប្រលង​ប្រហែល​ជា​៣​ ខែ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើល​សៀវភៅ​ទាក់​ទង​​នឹង​ចំណេះ​ដឹង​ទូទៅ​ ប្រឹង​រៀន​ភាសា​អង់គ្លេស​ ទាំង​ការ​និយាយ និង​សរសេរ​។មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​បាន​សុំ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ អ្នក​គ្រូ​លោក​គ្រូ ដែល​មាន​បទ​ពិសោធន៍​ ក៏​ដូច​ជា​រស់​នៅ​បរទេស​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​”។ រតនៈ​ និយាយ​ថា​ សម្រាប់​ភាសា​អង់គ្លេស​មិន​សូវ​ចោទ​ជា​ញ្ហា​ប៉ុន្មាន​ទេ​ គួប​ផ្សំ​នឹង​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស​បាន​ខ្លះ​ ព្រោះ​ឪពុក​ម្ដាយ​ប្អូន​បាន​ជំរុញ​តាំង​ពី​នៅ​ខេត្ត​មក​ម្ល៉េះ​ ​។
ថ្ងៃ​ប្រកាស​លទ្ធ​ផល​បាន​មក​ដល់​គឺ​ជា​អ្វី ដែល រតនៈ​ ស្ទើរ​មិន​ជឿ​ថា​បាន​ប្រលង​ជាប់​លេខ​២ ក្នុង​ចំណោម​បេក្ខជន​១៥ នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​។ ក្រោយ​ពី​បាន​សម្ភាសន៍​ជាមួយ​មន្ត្រី​ទូត​ចិន​ ​រតនៈ​ ក៏​បាន​ជាប់​ជា​ស្ថាពរ។
នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០១០​ រតនៈ​ បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ នៅ​ University of Science and Technology Beijing ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​។​ ពេល​ទៅ​ដល់​ប្រទេស​ចិន​ដំបូង​ មាន​ការ​លំបាក​ជា​ខ្លាំង ​ព្រោះ​នៅ​ប្រទេស​ចិន​កម្រ​និយាយ​ភាសា​អង់គ្លេស​ណាស់​​ ឯ​អាកាស​ធាតុ​វិញ​ត្រជាក់​ក្រោម​សូន្យ​អង្សា​ ធ្លាក់​ទឹកកក​ ហើយ​បើ​អាហារ​វិញ​ក៏​ពិបាក​ញ៉ាំ​​ទៀត​។ ទោះ​យ៉ាង​ណា​ប្រាក់​អាហារូបករណ៍​គឺ​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​នៅ​យ៉ាង​សមរម្យ​ គឺ​១៧០០ យន់​ ក្នុង​មួយ​ខែ។
រតនៈ​ និយាយ​ថា​ “មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​​ក៏​អាច​សម្រប​ខ្លួន​បាន ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សាស្ត្រា​ចារ្យ​ និង​មិត្ត​រូម​ថ្នាក់​ ដែល​មក​ពី​គ្រប់​ទិស​ទី​ ក្នុង​សាកល​លោក​ ទន្ទឹម​គ្នា​នោះ​ការ​សិក្សា​ក៏​មាន​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សំគាល់​ រហូត​ទទួល​បាន​រង្វាន់​ដូច​ជា​ Excellent International Student Award, Excellent Article Publication, Excellent Thesis Presentation ហើយ​​​​ទទួល​បាន​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​(MBA) នៅ​ខែ​កក្កដា​ឆ្នាំ២០១២​”។ រតនៈ​ បន្ថែម​ថា​ “ជាមួយ​​នឹង​ភាព​ជោគជ័យ​នេះ​ រង្វាន់​ ដែល​ខ្ញុំ​ទទួល​បាន​ និង​ព្រឹត្តិបត្រ​ពិន្ទុ​ល្អ​(GPA=3.8 ខ្ញុំ​ក៏​កាន់​តែ​មាន​ទំនុក​​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ចង់​ដឹង​ថា​ការ​អប់រំ​នៅ​អឺរ៉ុប​ ខុស​ប្លែក​ពី​ប្រទេស​នៅ​អាស៊ី​ប៉ុណ្ណា​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​អនុ​​បណ្ឌិត​មួយ​ទៀត​តាម​រយៈ​អ៊ីនធឺណិត​ ដែល​ផ្ដល់​ដោយ​ Ragar Nurkse School of Innovation and Governance នៃ​ Tallinn University of Technology នៅ​ប្រទេស​អេស្តូនី​(អឺរ៉ុប​ខាង​ជើង​​) ដែល​ស្ថិត​នៅ​សហ​ភាព​អឺរ៉ុប​”។
ការ​ដាក់​ពាក្យ​តម្រូវ​ឲ្យ​មាន​ពិន្ទុ​អង់គ្លេស​  (TOEFLE/IELTs)​។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ធ្វើ​ឡើង​ជា​ភាសាអង់គ្លេស​សុទ្ធ​ ទើប​គណៈ​កម្មការ​លើក​លែង​សម្រាប់​តម្រូវ​ការ​នោះ​។​​​​ប្អូន​​បាន​ផ្ញើ​សំណុំ​បែប​បទ​ទៅ​ប្រទេស​អេស្តូនី​ និង​ឆ្លង​កាត់​ការ​សម្ភាសន៍​ជាមួយ​គណៈកម្មការ​អាហារូបករណ៍​ រតនៈ ​គឹ​ជា​បេក្ខ ជន​តែ​ម្នាក់​គត់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​កម្ម​វិធី​អនុ​បណ្ឌិត​គ្រប់​គ្រង​បច្ចេកវិជ្ជា​ និង​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​(Technology Governance Innovation and Development Economics) ក្នុងចំណោម​បេក្ខជន​ជាច្រើន​រយ​នាក់​ទូទាំង​ពិភព​លោក​។​ប្រាក់​អាហារូបករណ៍​ប្រហែល​ ១០០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​​ ហើយ​ចំនួន​នេះ​ក៏​គ្រប់​គ្រាន់​សម្រាប់​ការ​​ចំណាយ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​​ ហើយ​ចំពោះ​ផល​លំបាក​វិញ​មិន​ខុស​ពី​ប្រទេស​ចិន​ទេ ប៉ុន្តែ​ស្រួល​បន្តិច​ត្រង់​ថា​ប្រជាជន​គេ​និយាយ​ភាសា​អង់គ្លេស​។ផល​លំបាក​មួយ​ទៀត​គឺ​ ប្អូន​ជា​និស្សិត​ខ្មែរ​តែ​ម្នាក់​​គត់​ នៅ​ទី​នេះ​ ដែល​ធ្វើ​ឲ្យ​តប់​ប្រមល់​ពេលខ្លះ​ មិន​ដូច​នៅ​ប្រទេស​ចិន​ ដែល​​មាន​មិត្តភ័ក្ដិ​ខ្មែរ​ច្រើន​។
សិក្សា​នៅ​ប្រទេស​អេស្តូនី​ រតនៈ​ ទទួល​​បាន​ពិន្ទុ​ល្អ(GPA>3.7)ហើយ​ក៏​អាច​​មាន​ឱកាស​ដាក់​អាហារូបករណ៍ (Erasmus scholarship) បន្ទាប់​ពី សម្ភាស​ជាមួយ​គណៈកម្មការ​ជ្រើសរើស រតនៈ​ ក៏​បាន​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ Ruhr University Bochum ប្រទេស​អាល្លឺម៉ង់​ ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​សិក្សា​នៅ​ខែ ​តុលា​ ឆ្នាំ ២០១៣ ខាង​មុខ​។
គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​បញ្ចប់​ការ​សិក្សា រតនៈ​ ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ម្នាក់​ ដោយ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ ដែល​ខ្លួន​បាន​​ឆ្លង​កាត់ កន្លង​មក​ឲ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​បាន​ចេះ​ដឹង​  និង​មើល​ឃើញ​បាន​វែង​ឆ្ងាយ​។ ក្រៅ​ពី​នេះ​ក៏​ចង់​ចូល​ធ្វើ​ការងារ​នៅ​តាម​ស្ថាប័ន​ក៏​ដូច​ជា​អង្គ​ការ​ ដែល​មាន​គោល​ដៅ​លើកកម្ពស់​​ការ​អប់រំ​ និង​ការ​អភិវឌ្ឍន៍​ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ រតនៈ​ និយាយ​ទៀត​ថា​​ “អ្វី​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​មួយ​ទៀត​នោះ​គឺ​ ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​ជា​សិស្ស​រៀន​ខ្សោយ​ តាំង​ពី​ថ្នាក់​ក្រោយ​រហូត​ដល់​មហាវិទ្យាល័យ​ ក៏​យើង​អាច​វិវត្តន៍​ខ្លួន​យើង​ ហើយ​និង​ទទួល​បាន​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​បរទេស​បាន​ដែរ​ តាម​រយៈ​ការ​តាំង​ចិត្ត​ និង​ការ​ស្រ ម៉ៃ​ ការ​រស់​​នៅ​ជាមួយ​ក្តី​សង្ឃឹម​​ជា​និច្ច​ទោះ​ជា​រស់​នៅ​ស្ថិត​ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ”។
ម្យ៉ាង​យើង​ត្រូវ​ស្វែង​យល់​ពី​ សមត្ថភាព​ ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​របស់​យើង ហើយ​កំណត់​ថា​អាហារូបករណ៍​ប្រភេទ​ណា​សក្ដិសម​ នឹង​ខ្លួន​យើង​។​បន្ទាប់​មក​យើង​ស្វែង​យល់​ពី​មធ្យោបាយ​ ក្នុង​ការ​ប្រលង​ក៏​ដូច​ជា​ដាក់​ពាក្យ​ប្រលង​។ ជាក់​ស្ដែង​និស្សិត​ខ្លះ​គាត់​រៀន​មិន​ពូកែ​ ប៉ុន្តែ​គាត់​ចង់​ទៅ​អឺរ៉ុប​​ អាមេរិក​ អូស្ត្រាលី​ ។ វា​ពិត​ជា​រឿង​លំបាក​ណាស់ ។ប៉ុន្តែ​គាត់​អាច​ធ្វើ​បាន ដោយ​ការ​អភិវឌ្ឍន៍ ខ្លួន​បន្តិច​ម្ដង​ តាម​រយៈ​ការ​សិក្សា​នៅ​ប្រទេស​ជិត​ខាង​ ដែល​មាន​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ធូរស្រាល​ជាង។រៀន​សូត្រ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន ដែល​ធ្លាប់​រៀន​នៅ​បរទេស​​ ជា​កត្តា​មួយ​ដ៏​សំខាន់​ផង​ដែរ​​​​​​​។​ខ្ញុំ​អាច​មក​រៀន​នៅ​អឺរ៉ុប​ និង​អាច​ទទួល​បាន​អាហា រូបករណ៍​កន្លង មក​ដោយ​មិន​មាន​ពិន្ទុ​អង់គ្លេស​ផ្លូវ​ការ​(TOEFLE/IELTs)​ ព្រោះ​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ​ការ​ប្រលង​ ប៉ុន្តែ​អ្នក​គ្រប់​គ្នា​ក៏​អាច​ធ្វើ​បាន ដូច​ខ្ញុំ​ដែរ​ តាម​រយៈ​បទ​ពិសោធន៍​ ដែល​ខ្ញុំ​ចែក​រំលែក​ខាង​លើ។
មួយ​វិញ​ទៀត​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ជា​ Facebook, Twitter ,Linkedin ឲ្យ​មាន​ប្រយោជន៍​ ដើម្បី​តាម​ដាន​ព័ត៌មាន​អាហារូបករណ៍​។ គណៈកម្មការ​ ដែល​បាន​ជ្រើស​រើស​ខ្ញុំ​មក​រៀន​នៅ​អឺរ៉ុប​បាន​ប្រាប់​ខ្ញុំ​ថា​ នេះ​ជា​យុគសម័យ​អ៊ីនធឺណិត​ ពេល​គេ​ជ្រើស​រើស​និស្សិត​ណា​ម្នាក់​ គេ​តែង​តែ​ស្វែង​រក​ព័ត៌​មាន​ខ្លះ​ៗ របស់​ពួក​គេ​តាម​អ៊ីនធឺណិត​ ហើយ​ច្បាស់​ណាស់​គេ​នឹង​ឃើញ​គណនេយ្យ​ Facebook របស់​ពួក​យើង​។ ដូច្នេះ​ការ​ប្រើ ប្រាស់​ក៏​ដូច​ជា​ដាក់​រូប​ Profile Picture or Cover Photos ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​តំណាង​ឲ្យ​អត្តចរិត​របស់​មនុស្ស​ម្នាក់​ៗ​ ជៀស​វាង​ដាក់​រូប​មិន​សមរម្យ​ ផឹក​ស៊ី​តាម​ក្លឹប ជាដើម​ ដែល​នាំ​ឲ្យ​យើង​បាត់​បង់​ឱកាស​​ជាច្រើន​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍ និង​ការងារ​តាម​ក្រុមហ៊ុន​ និង​ស្ថាប័ន​ផ្សេងៗ​​​”៕

តិកនិក​រៀន​ត្រៀម​មុន​ថ្ងៃ​ប្រឡង​ដែល​ត្រូវ​យល់​ដឹង


ឲ្យ​តែ​ជិត​ដល់​ពេល​ប្រឡង​ អ្នក​តែង​តែ​ខំ​ប្រឹង​ទន្ទេញ​មេរៀន​យ៉ាង​មមាញឹក​រហូត​ពេល​ខ្លះ​ដាច់​បាយ​ដាច់​ទឹក​ក៏​មាន​។ អ្នក​ខ្លះ​ខំ​ពេក​ក៏​ធ្វើ​ឲ្យ​ឈឺ​ អ្នក​ខ្លះ​ខំ​ដែរ​តែ​ខំ​ប្រឹង​ចម្លង​​ឯក​សារ​ទុក​បើក​ចាក់​។ សិស្ស​ភាគ​ច្រើន​តែង​រអ៊ូ​ថា​មើល​មេរៀន​មិន​ចាំ​ ហើយ​មិន​ដឹង​ធ្វើ​ម៉េច​ឲ្យ​ចាំ​មេរៀន​សម្រាប់​ថ្ងៃ​ប្រឡង​។ ប៉ុន្តែ​ថ្ងៃ​នេះ​ អ្នក​ឈប់​បារម្ភ​ទៀត​ទៅ​ ព្រោះ​ត្រឹម​តែ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​អាច​នឹង​ជួយ​អ្នក​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​ថ្ងៃ​ប្រឡង​ចូល​មក​ដល់​។
១. គូស​វាស​នៅ​លើ​ក្រដាស​តូចៗ​៖
មុន​នឹង​ដល់​ថ្ងៃ​ប្រឡង​ អ្នក​ត្រូវ​សរសេរ​អ្វី​ដែល​អ្នក​អាច​ចាំ​បាន​ទាក់​ទង​នឹង​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​លើ​ក្រដាស​តូចៗ​។ បន្ទាប់​មក​ ពិនិត្យ​មើល​ថា​តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​អ្នក​មិន​ចាំ​។ បើ​មិន​ចាំ​ អ្នក​អាច​ត្រលប់​ទៅ​បើក​សៀវភៅ​ម្តង​ទៀត​ដើម្បី​រំលឹក​ចំណុច​ទាំង​នោះ​ឡើង​វិញ​។
២.​ សរសេរ​រូប​មន្ត​ជា​មុន​៖
អ្នក​គួរ​សរសេរ​រូបមន្ត សមីការ​ ឬ​ទ្រឹស្តី​ណា​ដែល​ពាក់​ព័ន្ធ​ទុក​ម្តុំ​ ដើម្បី​ងាយ​ស្រួល​ដល់​ពេល​អ្នក​ត្រូវ​ការ​ទាញ​មក​មើល​សម្រាប់​ត្រៀម​ប្រឡង​។
៣.​ គូស​ដ្យាក្រាម​៖
គូស​ដ្យាក្រាម​សាមញ្ញ​ៗ​ និង​ងាយ​យល់​ដើម្បី​អាច​ពន្យល់​ទៅ​អ្នក​ដទៃ​ដែល​មិន​ដែល​រៀន​មុខ​វិជ្ជា​នេះ​បាន​។​ ធ្វើ​ដូច​នេះ​អាច​ជួយ​ឲ្យ​ប្រធាន​បទ​របស់​អ្នក​ក្លាយ​ជា​ងាយ​យល់​ និង​ងាយ​ចាំ​បាន​ល្អ​។
៤. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​៖
អ្នក​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​ការ​សម្រាក​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ចង​ចាំ​បាន​ល្អ​។ ប្រសិន​បើ​អ្នក​សម្រាក​មិន​បាន​គ្រប់​គ្រាន់​ទេ​នោះ​ ហាក់​ដូច​ជា​អ្នក​កំពុង​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ធ្វើ​ការ​មិន​ឈប់​ដូច្នោះ​ដែរ​។ ដូច​នេះ​ អ្នក​ត្រូវ​ចេះ​លៃ​ពេល​ណា​ត្រូវ​មើល​មេរៀន​ និង​ពេល​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​។
៥. ​Highlight​ ចំណុច​ណា​ដែល​សំខាន់​៖
ប្រើ​ប៊ិច​highlight ​ពណ៌​ចម្រុះ​ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឃើញ​ចំណុច​សំខាន់​ក្នុង​មេរៀន​នោះ​បាន​ងាយ​ជាមួយ​ពណ៌​ឆើត​ៗ​ទាំង​នោះ​។ ដោយ​ការ​ធ្វើ​បែប​នេះ​ អ្នក​អាច​នឹង​នឹក​ឃើញ​ចំណុច​ទាំង​នោះ​ និង​ចំណុច​ដែល​នៅ​ក្បែរ​នោះ​នៅ​ពេល​ប្រឡង​បាន​ផង​ដែរ​។
៦. រៀន​ដើម្បី​ចេះ​​ មិន​មែន​រៀន​ដើម្បី​ជាប់​នោះ​​ទេ​៖
ការ​ប្រឡង​ពិត​ជា​សំខាន់​ហើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​រៀន​ឲ្យ​ខ្លួន​អ្នក​ចេះ​ និង​យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ ព្រោះ​អ្នក​នឹង​ត្រូវ​ការ​ប្រើ​អ្វី​ដែល​ចេះ​នោះ​ទៅ​ធ្វើ​ការ​ងារ​។ ដូច្នេះ​ បើ​រៀន​គ្រាន់​តែ​ចង់​ឲ្យ​ជាប់​នោះ​ គឺ​មិន​អាច​ប្រើ​ការ​បាន​ទេ​។
៧. រៀន​ជា​ក្រុម​៖
វា​គ្មាន​អ្វី​ប្លែក​ទេ​ ដែល​អ្នក​អាច​ចែក​រំលែក​អ្វី​ដែល​អ្នក​ចេះ​ជាមួយ​មិត្ត​ភក្តិ​ផ្សេង​ទៀត​។ ការ​រៀន​ជា​ក្រុម​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ ហើយ​ពេល​ខ្លះ​អ្នក​អាច​ដឹង​ចំណុច​ខ្លះ​ដែល​អ្នក​មិន​ដែល​គិត​ដល់​ក៏​ថា​បាន​។
អ្នក​អាច​យក​វិធី​ងាយៗ​ខាង​លើ​ទៅ​អនុវត្ត​នៅ​មុន​ពេល​ប្រឡង​ បើ​ទោះ​បី​វា​មិន​អាច​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ​ តែ​មាន​ចំណុច​ខ្លះ​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​តើ! សាក​មើល​ទៅ​បើ​មិន​ជឿ។

Source : sabay

ការ​ស្លៀក​ពាក់​៥​យ៉ាង​ដែល​​ត្រូវ​ជៀសវាង​​ក្នុង​រដូវភ្លៀង


ពេល​នេះ​រដូវ​ភ្លៀង​បាន​មកដល់​ហើយ តើ​លោក​អ្នក​បាន​ជ្រាប​​ហើយ​ឬ​នៅ​ថា​ត្រូវ​ជៀស​វាង​ការ​​ស្លៀក​សំលៀក​ពាក់​បែប​ណា​ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ការ​ពារ​ខ្លួន​នៅ​​ក្នុង​រដូវវស្សា​នេះ?
ជា​ការ​ពិត​មាន​ប្រិយមិត្ត​មួយ​ចំនួន​ពិត​ជា​បាន​ជ្រាប​រួចហើយ​លើ​បញ្ហា​នេះ ក៏​ប៉ុន្តែ​​ជា​ការ​រួម​ចំណែក​បន្ថែម​​Sabay សូម​ផ្ដល់​ជួន​មិត្ត​អ្នកអាន​ទាំងអស់​ឲ្យ​ស្វែង​យល់​ពី​សំលៀក​បំពាក់​៥​យ៉ាង​ដែល​លោក​អ្នក​​គូរ​ជៀសវាង​ស្លៀកពាក់​នៅ​ក្នុង​រដូវ​ភ្លៀង​ដូច​ខាងក្រោម​នេះ៖
១ ស្បែក​ជើង​ផ្ទាត់
ជា​ទូទៅ​លោក​អ្នក​ប្រហែល​ជា​​ធ្លាប់​គិត​ហើយ​ថា ​​ស្បែក​ជើង​ផ្ទាត់​គឺ​ពិត​ជា​ស័ក្ដិ​សម​សម្រាប់​​រដូវ​ភ្លៀង​នេះ​ ព្រោះ​វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹក​ ​អាច​ធន់​នឹង​ទឹក​ភ្លៀង​ទៀត​ផង ។ ក៏​ប៉ុន្តែ​​លោកអ្នក​មាន​ដឹង​ទេ​ថា នៅ​ពេល​ដែល​ជើង​របស់​លោក​អ្នក​មាន​សំណើម​ តើ​នឹង​មាន​អ្វី​កើតឡើង? ជា​ការ​ពិត​​សំណើម​ឬ ដី​ប្រឡាក់​​គឺ​មិន​អាច​ជៀស​ផុត​បាន​ឡើយ​នៅ​ពេល​លោក​អ្នក​​ពាក់​​ស្បែក​ជើង​ផ្ទាត់ ហើយ​នោះ​មេរោគ​ទាំងឡាយ​នឹង​មក​​តោង​ជើង​របស់​អ្នក។ ដូច្នេះ​ការ​​ពាក់​​ស្បែក​ជើង​ដែល​បិទ​ជិត មិន​ជ្រាប​ទឹក​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​​នៅ​ពេល​នេះ។
២ ស្បែកជើង​ប៊ូ​​​ស្បែក
ស្បែក​ជើង​ប៊ូ ឬ​កាបូប​ដែល​ផលិត​ចេញ​ពី​​​ស្បែក អាច​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នក​ ព្រោះ​ថា​វា​ធន់​ និង​អាច​ប្រើប្រាស់​បាន​យូរ។ ប៉ុន្តែ​របស់​ទាំង​នេះ ក៏​មាន​ចំណុច​ខ្សោយ​របស់​វា​ដែរ ហើយ​នោះ​គឺ​ការ​ប៉ះ​​​ទឹក​ដែល​មាន​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ។ ដូច្នេះ​លោក​អ្នក​ ត្រូវ​ជ្រើសរើស​ស្បែកជើង​ដែល​​ផលិត​ចេញ​ពី​ជ័រ​ឬ​ក្រណាត់ ព្រោះ​វា​អាច​ធន់​នឹង​ទឹកភ្លៀង​បាន ហើយ​បើ​មិន​ចង់​ឲ្យ​ស្បែកជើង​ដ៏​ថ្លៃ​របស់​អ្នក​ឆាប់​ខូច​ទេ​នោះ ​​លោក​អ្នក​ត្រូវ​តែ​ទុក​វា​មួយ​ឡែក​សិន​ហើយ​នៅ​ក្នុង​រដូវ​នេះ​​។
៣ ខោ​ខាវប៊យ​​​​​​​​​
យុវវ័យ​ពិត​ជា​ពេញ​និយម​ស្លៀក​ខោ​ខាវប៊យ​តាម​បែប​សម័យ​ថ្មី​ ដែល​ភាគ​ច្រើន​អាច​និយាយ​ថា ​ស្ទើរ​រាល់​ពេល​ដែល​​ចេញ​ទៅ​ក្រៅ ឬ ដើរ​លំហែ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​ព្រោះ​ថា វា​ធន់​​មិន​ឆាប់​រហែក​​និង​ងាយ​ស្រូល​សម្រាប់​ស្លៀក​ពាក់​ទៀត​ផង។ ក៏​ប៉ុន្តែ​លោក​អ្នក​មាន​ធ្លាប់​កត់សម្គាល់​ដែរ​​ទេថា ពេល​វា​ប៉ះ​​សំណើម​ឬ ទឹក​ភ្លៀង​ខោ​ខាវប៊យ​របស់​លោក​អ្នក​នឹង​ទៅ​ជា​យ៉ាងណា? ការ​ពិត​វា​នឹង​អាច​របូត​ចេញ​ពី​ចង្កេះ​លោក​អ្នក​ដោយ​សារ​ទម្ងន់​ទឹកភ្លៀង​។ ដូច​ច្នេះ ជា​ការ​ប្រសើរ​លោក​អ្នក​ត្រូវ​តែ​ទុក​វា​មួយ​កន្លែង​សិន​ហើយ​។
៤ សំលៀក​បំពាក់​ពណ៌ស​
សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ដែល​មិន​និយម​ស្លៀក​សំលៀកបំពាក់​ពណ៌ស​គឺ​ជា​ការ​ប្រសើរ នៅ​រដូវ​ក្ដៅ​។ ក៏​ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្លៀក​សំលៀក​បំពាក់​បែប​នេះ​នៅ​ក្នុង​រដូវ​ភ្លៀង​គឺ​​ពិត​ជា​វីវរ​ធំ​ហើយ ព្រោះ​ថា​ដំណក់​​ទឹក​ភ្លៀង​នឹង​ជ្រាប​ចូល​​ក្រណាត់​ខោអាវ​របស់​អ្នក ងាយ​នឹង​ប្រឡាក់​​បន្ទាប់​ពី​ធ្វើដំណើរ​កាត់​ភ្លៀង ហើយ​​បើជា​​សុភាព​នារី​វិញ​ច្បាស់​ជា​​លេចចេញ​សាច់​សខ្ចី​​ឲ្យ​គេ​មើល​ជា​មិនខាន។ ដូច្នេះ ជម្រើស​ដ៏​ល្អ​មួយ​ លោក​អ្នក​គួរតែ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​ស័ក្ដិ​សម​​នឹង​រដូវ​ភ្លៀង​ លើកលែង​តែ​ពណ៌ស​នេះ​ចេញ​ទៅ​ គឺ​គ្រប់គ្រាន់​ហើយ។​
៥ ឆត្រ​ពណ៌​ផ្កាឈូក
វា​ជា​រឿង​មិន​ល្អ​នៅ​ពេល​នេះ សម្រាប់​​សុភាព​បុរស​ទាំងឡាយ ដែល​ទាញ​ឆត្រ​ពណ៌​ផ្កាឈូក​មក​ទទូរភ្លៀង ស្រប​ពេល​ដែល​វា​ស័ក្ដិ​សម​បំផុត​សម្រាប់​លើក​សម្រស់​តែ​សុភាព​នារី​នោះ។ដូច្នេះ នៅ​ចាំ​អី​ទៀត ទិញ​ឆត្រ​ពណ៌​ប្រផេះ ឬ បើ​បាន​ពណ៌​ខ្មៅ​រឹត​តែ​ល្អ ព្រោះ​ថា​ពណ៌​ទាំង​នេះ វា​មិន​ងាយ​ប្រឡាក់​ហើយ​ស័ក្ដិ​សម​នឹង​លោក​អ្នក​ជា​បុរស​ទៀត​ផង៕

Source : sabay

កូរ៉េខាងត្បូង​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​ត្រៀម​ World Cup ឆ្នាំ​ក្រោយ


ទោះ​បី​ជា​​បញ្ចប់​វគ្គ​ជម្រុះ​ World Cup ដោយ​ជោគជ័យ​​ក៏​ដោយ ក៏​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េខាងត្បូងបាន​​សម្រេច​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ហើយ​កាល​ពី​ព្រឹក​ម៉ិញ​នេះ (ថ្ងៃ​ចន្ទ ទី​២៤ មិថុនា)។
មិន​ខុស​ពី​គ្រូ​បង្វឹក​ចាស់​នោះ​ទេ ​គ្រូ​បង្វឹក​ថ្មី​​​​ជា​ជនជាតិ​កូរ៉េខាងត្បូង ហើយ​ក៏​ជា​អតីត​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​នេះ​ផង​ដែរ​នោះ គឺ​លោក Hong Myung-bo។ បុរស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​របស់​កូរ៉េខាងត្បូង និង​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បំផុត​នានា​ក្នុង​តំបន់​អាស៊ី​រូប​នេះ​ ធ្លាប់​បាន​ជួយ​ឲ្យ​​កូរ៉េខាងត្បូង​​បាន​លេខ៤ World Cup 2002 លើ​ទឹកដី​ខ្លួន​ឯង ហើយ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​បាល់​សំរឹទ្ធ​នា​ពេល​នោះ​ទៀត​ផង។
ក្រោយ​ចូល​និវត្តន៍​ពី​ទីលាន​បាល់ទាត់​កាល​ពី​ឆ្នាំ​២០០៤​មក លោក​បាន​ចូល​រួម​បង្វឹក​ក្រុម​យុវជន​មួយ​ចំនួន​​នៅ​កូរ៉េខាងត្បូង​ ​ក៏​ដូច​ជា​ដឹក​នាំ​ក្រុម U-23 ​ប្រទេស​នេះ​ ឲ្យ​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​អូឡាំពិក ឆ្នាំ​២០១២​ផង​ដែរ។
លោក Hong Myung-bo (ទី២​រាប់​ពី​ស្ដាំ) ពេល​ដឹក​នាំ​ក្រុម U-23 កូរ៉េខាងត្បូង នៅ​អូឡាំពិក ២០១២
កំណត់ត្រា​ដ៏​ល្អ​នេះ គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​កូរ៉េខាងត្បូង (KFA) សម្រេច​ជ្រើសរើស​លោក​ជា​គ្រូ​បង្វឹក​ថ្មី ជំនួស​លោក Choi Kang-hee។ ទោះ​បី​ដឹក​នាំ​កូរ៉េខាងត្បូង​ ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ World Cup ក៏​ពិត​មែន ប៉ុន្តែ​លោក Choi មិន​បាន​ដឹក​នាំ​ក្រុម​នេះ​ឲ្យ​ទទួល​លទ្ធផល​ល្អ​ប៉ុន្មាន​ទេ ពោល​គឺ​ស្ថិត​នៅ​លេខ​២ក្នុង​ពូល បន្ទាប់​ពី​​ចាញ់​អ៊ីរ៉ាក់​ថ្ងៃ​ចុង​ក្រោយ ហើយ​នៅ​លើ​អ៊ូបេគីស្ថាន​ទាំង​ប្រផុតប្រផើយ​បំផុត (ពិន្ទុ​ស្មើ តែ​ឈ្នះ​គ្រាប់​បាល់)។
​Hong Myung-bo បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​២ឆ្នាំ ដែល​មាន​ន័យ​ថា​លោក​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ​ទៅ​ប្រកួត World Cup 2014 នៅ​ប្រេស៊ីល និង​ AFC Asian Cup ឆ្នាំ​២០១៥។ ​គ្រូ​បង្វឹក​វ័យ​៤៤ឆ្នាំ​រូប​នេះ នៅ​តែ​ជាប់​ឈ្មោះ​ជា​​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​ក្នុង​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ដដែល​គិត​មក​ទល់​ពេល​នេះ ពោល​គឺ​បាន​បង្ហាញ​ខ្លួន ១៣៦ប្រកួត បូក​រួម​ទាំង​កំណត់ត្រា​កីឡាករ​នៅ​អាស៊ី​ទី​១ ដែល​បង្ហាញ​ខ្លួន​នៅ World Cup ៤ដង​ជាប់ៗ​គ្នា៕
ចាំ​មើល​មើល៍ ថា​តើ​លោក Hong Myung-bo អាច​ដឹក​នាំ​បាន​ល្អ​ជាង​គ្រូ​បង្វឹក​ចាស់​ដែរ​ឬ​ទេ?​

source : sabay

Aspas និង Alberto ចូល Liverpool ជា​ផ្លូវ​ការ


ក្លិប​ហង្ស​ក្រហម Liverpool បាន​ទទួល​សមាជិក​ថ្មី​២រូប​ជា​ផ្លូវការ​ហើយ ​គឺ Iago Aspas និង Luis Alberto។ ដូច​ Sabay ធ្លាប់​បាន​ផ្សាយ​កន្លង​មក​ហើយ​ថា​ កីឡាករ​ទាំង​ពីរ​រូប​នេះ បាន​មក​ដល់​ក្លិប​នេះ​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ការ​​ផ្ទេរ​ជា​ផ្លូវការ​ប៉ុណ្ណោះ។
Iago Aspas បាន​ផ្ទេរ​ពី Celta Vigo ក្នុង​តម្លៃ​៧លាន​ផោន ដោយ​ចុះ​កិច្ច​សន្យា​រយៈ​ពេល​វែង​ ខណៈ​ Alberto បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៤ឆ្នាំ ក្នុង​តម្លៃ​ខ្លួន ៦,៨លាន​ផោន។
Luis Alberto កាន់​អាវ​ថ្មី​របស់​ខ្លួន
Aspas ពេល​លេង​នៅ Celta Vigo
ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Aspas បាន​ស៊ុត​បញ្ចូល​ទី​១២គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥ប្រកួត​ឲ្យ Celta Vigo ក្នុង​រដូវ​កាល​កន្លង​ទៅ។ កីឡាករ​វ័យ​២៥ឆ្នាំ ធ្លាប់​ត្រូវ​បាន​អ្នក​ចាត់ការ​ហង្ស​ក្រហម Brenden Rodgers ចាប់​អារម្មណ៍​តាំង​ពី​លោក​នៅ​ដឹក​នាំ Swansea មក​ម្ល៉េះ។
ចំណែក​ Alberto ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ​ដែរ​នោះ គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ក្លិប Barcelona B ខ្ចី​ជើង​ពី Sevilla កាល​ពី​រដូវ​កាល​មុន ដោយ​បង្ហាញ​ខ្លួន​៣៨ប្រកួត និង​ស៊ុត​បញ្ចូល​ទី​១១គ្រាប់។ ជុំវិញ​ការ​ទទួល​បាន​សមាជិក​ថ្មី​វ័យ​ត្រឹម​២០ឆ្នាំ​នេះ លោក Rodgers បាន​និយាយ​ឲ្យ​ដឹង​ថា៖ “យើង​គ្រប់​គ្នា​នៅ​ក្នុង​ក្លិប សប្បាយ​ចិត្ត​ដែល​ Luis បាន​សម្រេច​ចិត្ត​ចូល Liverpool។ ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​គាត់ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​គាត់ ហើយ​គាត់​បាន​ចូល​ក្នុង​ចំណោម​កីឡាករ​ក្មេងៗ​របស់​ក្លិប​យើង”។
កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ទាំង​ពីរ​នេះ គឺ​ជា​សមាជិក​ទី​២ និង​ទី៣ នៅ Anfield ក្រោយ​ពី Liverpool ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ការពារ​ក្លិប​មេឃ​ខៀវ Manchester City,​ Kolo Toure នា​ពេល​កន្លង​មក។ ក្លិប​នេះ​ក៏​ត្រៀម​​ទទួល​បាន​អ្នក​ចាំ​ទី Simon Mignolet របស់​ក្រុម​ឆ្មា​ខ្មៅ Sunderland ជា​ផ្លូវ​ការ​ផង​ដែរ៕​​​​​

ប្រភពៈ sabay