TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayern Munich ​បង្ហាញ​មុខ Pep Guardiola ជា​ផ្លូវការ


ក្លិប​ឈ្នះ​ពាន​រង្វាន់​បី​កាល​ពី​រដូវ​កាល​មុន Bayern Munich បាន​បង្ហាញ​មុខ​គ្រូ​បង្វឹក​ថ្មី​ Pep Guardiolaជា​ផ្លូវ​ការ​ជា​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។
អតីត​គ្រូ​បង្វឹក​ក្លិប​អ្នក​មាន​បុណ្យ Barcelona បាន​និយាយ​ក្នុង​ឱកាស​សន្និសីទ​កាសែត​លើក​ដំបូង​នេះ​ថា ​លោក​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​ទទួល​យក​សម្ពាធ​ក្នុង​ក្លិប​ដែល​ទើប​នឹង​ទទួល​ជោគជ័យ​ដ៏​សម្បើម។ កាល​ពី​រដូវ​កាល​មុន ក្រោម​ការ​ដឹក​នាំ​របស់​លោក Jupp Heynckes ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ បាន​ឈ្នះ​ពាន​លីក​ក្នុង​ស្រុក ពាន​ Cup និង​ពាន​ទ្វីប​អឺរ៉ុប UEFA Champions League ដែល​ទាំង​នេះ​ហើយ​ជា​សម្ពាធ​សម្រាប់​គ្រូ​បង្វឹក​ថ្មី​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ដើរ​តាម​ជោគជ័យ​នេះ។
​ពាក់​អាវ​ធំ​ពណ៌​ប្រផេះ ជាមួយ​ក្រវាត់​ក​ពណ៌​ក្រហម​ក្រម៉ៅ អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​និយាយ​ជា​ភាសា​អាល្លឺម៉ង់​ក្នុង​ន័យ​ជា​ខេមរភាសា​ថា៖ “ខ្ញុំ​ត្រូវ​ទទួល​យក​នូវ​ការ​ប្រៀបធៀប។ ខ្ញុំ​​ស្ថិត​នៅ​ក្រោម​សម្ពាធ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ពី​រឿង​នេះ ហើយ​ខ្ញុំ​បាន​ទទួល​យក​ការ​ប្រជែង​ថ្មី​នេះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ”។
Guardiola បាន​ដឹក​នាំ​ក្លិប Barcelona ឲ្យ​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​១៤ ក្នុង​រយៈ​ពេល​ត្រឹម​តែ​៤ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​ចាកចេញ​​ពី​ក្លិប​ជើង​ឯក​អេស្ប៉ាញ​នេះ គ្រូ​បង្វឹក​វ័យ​៤២ឆ្នាំ បាន​ចំណាយ​ពេល​សម្រាក​វិស្សមកាល​ជាមួយ​គ្រួសារ​នៅ​ទីក្រុង​ញូវយ៉ក រហូត​ចុះ​ហត្ថលេខា​នៅ​ Bayern Munich កាល​ពី​ខែ​មករា​កន្លង​ទៅ។ លោក​នឹង​ដឹក​នាំ​ក្លិប​ដ៏​ជោគជ័យ​របស់​អាល្លឺម៉ង់​មួយ​នេះ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​អ៊ីតាលី​ដើម​ខែ​ក្រោយ ដោយ​ត្រូវ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ជាមួយ​ក្រុម​មួយ​ចំនួន​នៅ​អ៊ីតាលី មុន​ប៉ះ​គូ​ប្រជែង Borussia Dortmund ក្នុង​ពាន Telekom Cup៕​



Source : sabay