Nicolas Anelka បានវិលមកលេងនៅអង់គ្លេសវិញហើយ ក្រោយចុះកិច្ចសន្យារយៈពេល១ឆ្នាំនៅក្លិប West Bromwich Albion។ នេះជាទ្រនំទី៦ហើយនៅអង់គ្លេស ដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះធ្លាប់លេង គិតចាប់តាំងពីមកកាន់ប្រទេសនេះដំបូងនាឆ្នាំ១៩៩៧មក។
West Brom បានសរសេរបញ្ជាក់ក្នុង Twitter ថា៖ “Albion បានចុះកិច្ចកុងត្រាជាមួយ Anelka ដោយជោគជ័យក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ហើយអាចបន្ថែមលើសពីនេះតាមការពេញចិត្តរបស់ក្លិប”។
ជាមួយគ្នានេះដែរ អ្នកចាត់ការ Steve Clarke របស់ West Brom ក៏បានឲ្យដឹងដែរថា៖ “យើងធ្វើមិនបានល្អនោះទេកាលពីរដូវកាលមុន ហើយការទទួលបាន Nicolas តាំងពីដើមរដូវកាល គឺពិតជាកត្តាជំរុញមួយដ៏ខ្លាំងក្លាសម្រាប់គ្រប់គ្នានៅក្នុងក្លិប។ គុណភាពកីឡាករកាន់តែល្អ នោះក្លិបក៏កាន់តែប្រសើរ ហើយគុណភាពរបស់ Nicolas ក៏គ្មានអ្វីគួរឲ្យសង្ស័យនោះដែរ”។
Anelka កាន់អាវក្រុម West Brom
ក្លិបទាំងនៅអង់គ្លេសទាំង៥ផ្សេងទៀតដែលកីឡាករវ័យ៣៤ឆ្នាំរូបនេះធ្លាប់លេង រួមមាន៖ Arsenal, Liverpool (ខ្ចីជើង), Man City, Bolton និង Chelsea ។ កាលពីរដូវកាលមុន Anelka បានទៅលេងនៅប្រទេសចិនក្នុងក្លិប Shanghai Shenhua មុនត្រលប់មកបញ្ចប់រដូវកាលនៅអឺរ៉ុបវិញ ពោលគឺក្លិប Juventus របស់អ៊ីតាលី (ខ្ចីជើង)។
ក្រៅពីធ្លាប់លេងនៅអង់គ្លេស កីឡាករដែលចូល West Brom ក្នុងនាមជាកីឡាករ free agent (អត់ក្លិបលេង) រូបនេះ ក៏ធ្លាប់លេងនៅ PSG, Real Madrid និង Fenerbahce ផងដែរ។ Anelka ធ្លាប់ជាប់ជម្រើសជាតិបារាំងបាន៦៩ប្រកួត និងស៊ុតបញ្ចូលទីបាន១៤គ្រាប់ ប៉ុន្តែមិនដែលជាប់ទៀតទេ ចាប់តាំងពីចប់ World Cup 2010 មក៕
Source : sabay news