ការផ្ដើមអាជីវកម្ម ខ្នាតតូចតម្រូវឲ្យមានការតាំងចិត្តខ្ពស់ ការលើកទឹកចិត្ត និងយល់ដឹងពីផ្លូវ (យុទ្ធសាស្ត្រ) ដែលត្រូវធ្វើដំណើរឆ្ពោះរកភាពជោគជ័យ។ ខាងក្រោមនេះ ជាគន្លឹះខ្លីៗ សម្រាប់ប្រិយមិត្ត មិត្តយុវវ័យ ដែលចង់បើកអាជីវកម្មដោយខ្លួនឯង ដើម្បីជាទុនគំនិត ស្វែងយល់ ពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យអាជីវកម្មថ្មីនោះទទួលជោគជ័យ។
កំណត់ឱកាសមុខជំនួញរបស់អ្នក៖ ការជ្រើសរើសប្រភេទមុខជំនួញ ដើម្បីចាប់ផ្ដើមជារឿងមួយដ៏លំបាក ព្រោះតោងឲ្យយើងសិក្សាស្វែងយល់ពីឱកាសនៃមុខជំនួញនោះ។ ត្រូវដឹងថា តើអ្នកស្រឡាញ់ចូលចិត្តអ្វីជាងគេ។ ក្រៅពីនេះ អ្នកក៏ត្រូវដឹងដែរថា អាជីវកម្ម ដែលអ្នកចង់ធ្វើជាអាជីវកម្មងាប់ (អាជីវកម្មដែលវិវត្តន៍តិចតួច ឬមិនវិវត្តន៍ទាំងស្រុង) ឬជាអាជីវកម្មរស់ (អាជីវកម្មដែលអាចរីកលូតលាស់បានលឿន)។
ធ្វើគម្រោងផែនការ៖ គ្រប់ការចាប់ផ្ដើម ទាំងអស់ ការធ្វើគម្រោងជួយឲ្យអ្នកយល់ដឹងកាន់តែជ្រៅពីរចនាសម្ព័ន្ធអាជីវកម្ម ដៃគូប្រកួតប្រជែង និងដើមទុនដែលតម្រូវ។ បើក្រឡេកមើល ការសិក្សាមួយដែលបានលើកឡើងក្នុងសៀវភៅ “Business Plans For Dummies” ដោយលោក Paul Tiffany ក៏បាននិយាយដែរ ក្រុមហ៊ុនទាំងឡាយណាដែលមានគម្រោងផែនការច្បាស់លាស់ នោះនឹងមានឱកាសទទួលបានចំណូល ៥០% ច្រើនជាងក្រុមហ៊ុនដែលមិនមាន។
ស្វែងរកថវិកា៖ ជារឿងដែលមិនអាចខ្វះបាន។ ការស្វែងរកថវិកា ជាផ្នែកមួយចាំបាច់ជាងគេ ហើយវិធីសាស្ត្រនេះខុសប្លែកពីម្នាក់ទៅម្នាក់។ តើប្រភពថវិកាប្រភេទណា ដែលសមនឹងមុខជំនួញរបស់អ្នក? ប្រភពទាំងនោះអាចជា របស់ម្ចាស់អាជីវកម្មផ្ទាល់ ពីមិត្តភ័ក្ដិ និងសមាជិកក្នុងក្រុមគ្រួសារ ពីដៃគូវិនិយោគ កម្ចីហិរញ្ញប្បទាន ឬកម្មវិធីឧបត្ថម្ភជាដើម។
ដាក់ឈ្មោះអាជីវកម្ម៖ ការជ្រើសឈ្មោះអាជីវកម្មដ៏ត្រឹមត្រូវ អាចទាញចំណាប់អារម្មណ៍អតិថិជនឲ្យចាប់អារម្មណ៍មកលើសេវាកម្ម ឬផលិតផលរបស់អ្នក។ ជាទូទៅតាមប្រភពមួយចំនួនលើកឡើងថា ឈ្មោះអាជីវកម្មគួរតែខ្លី ងាយស្រួលចាំ ខុសប្លែកពីអ្នកដទៃ និងទាក់ទាញ។
សុំអាជ្ញាប័ណ្ណ៖ ត្រូវចុះឈ្មោះអាជីវកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ។
កំណត់ទីតាំងអាជីវកម្ម៖ ការជ្រើសរើសទីតាំងដ៏ត្រឹមត្រូវ នឹងអាចជួយឲ្យអាជីវកម្មទទួលជោគជ័យបានរហ័ស។ ទីតាំងអាចនៅទីប្រជុំប្រជន ផ្លូវកែង ឬក្បែរផ្លូវប្រសព្វ ជាដើម។ ក្រៅពីការជ្រើសរើសទីតាំង ត្រូវទិញសម្ភារៈចាំបាច់សម្រាប់ការិយាល័យ និងអាជីវកម្ម ការរចនាទីកន្លែងឲ្យមានភាពទាក់ទាញ ក៏ការចាំបាច់ដូចគ្នា។
សង្ឃឹមថា ចំណុចដែលបានរៀបរាប់ខាងលើនឹងជួយផ្ដល់ជាគំនិតចំពោះអ្នកទាំងឡាយដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីមួយដល់ខ្លួនឯង៕
Source : sabay