TwitterFacebookGoogle PlusLinkedInRSS FeedEmail

និយាយ​ទូរសព្ទ​​កំពុង​បញ្ចូល​ថ្ម ​​​អាច​ឆក់​ស្លាប់​មែន​ទេ?​

ការ​ស្លាប់​របស់​នារី​បម្រើ​លើ​យន្តហោះ​ជនជាតិ​ចិនវ័យ ២៣​ឆ្នាំ​ ​ឈ្មោះ​ Ma Ailun ​​​​ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​វែកញែក​មិន​ត្រឹម​តែ​​ប្រទេស​ចិន​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ទូទាំង​ពិភពលោកទាំង​មូល។ ​ចម្ងល់​ដែល​គ្រប់​គ្នា​មន្ទិល​ខ្លាំង​នោះ​​គឺ​ថា ​តើ​ការ​បញ្ចូល​ថ្ម​នៅ​ពេល​និយាយ​​ពិត​ជា​អាច​ឲ្យ​ឆក់​មនុស្ស​ស្លាប់​មែន​ឬ​ទេ?
​​​បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​ថា ​ឱកាស​ដែល​នាំ​ឲ្យ​ឆក់​មនុស្ស​ដល់​ស្លាប់​នោះ​គឺ ​មាន​តិចតួច​បំផុត។ ​សម្រាប់​ការ​សាក​ថ្ម​ដោយ​ប្រើប្រាស់​ USB ​គឺ​មាន​ថាមពល​ប្រហែល​ ៥ ​វ៉ុល​ ប៉ុណ្ណោះ​ដែល​នេះ​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​គ្រោះថ្នាក់​ឡើយ។
“យើង​​ឃើញ​មាន​ករណី​ឆក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទូរសព្ទ​តិចតួច​បំផុត”។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក Scott Wolfson ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​គណៈកម្មការ​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ផលិតផល​អាមេរិក។ ​លោក​បន្ថែម​ថា ​​បញ្ហា​គ្រោះថ្នាក់​ដែល​លោក​ធ្លាប់​ជួប​ភាគច្រើន​គឺ​ ​ករណី​ក្ដៅ​ខ្លាំង​ ហុយ​ផ្សែង​​ និង​ឆេះ​ជា​ដើម”។
អ្នក​ជំនាញ​​បញ្ជាក់​ថា ​​គ្រោះថ្នាក់​អាច​មាន​ការ​ប្រឈម​​ខ្លាំង​នៅ​ពេល​អ្នក​ប្រើប្រាស់​ឆ្នាំង​សាក​ដែល​គ្មាន​គុណភាព ​ឬ​មិន​ត្រូវ​គ្នា​នឹង​ប្រភេទ​ទូរសព្ទ។ ​ឆ្នាំង​សាក​ទូរសព្ទ​មួយ​ចំនួន​​មិន​មាន​ទ្រនាប់​កម្ដៅ​​ ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ឡើង​កម្ដៅ​​ខ្លាំង​ ឆេះ​ ឬ​ឆក់​ជា​ដើម។ ​​ក្នុង​អត្ថបទ​ដែល​ចុះ​ផ្សាយ​ថ្មី​មួយ​បាន​សរសេរ​ថា ​​សមាគម​អ្នក​ប្រើប្រាស់​របស់​ចិន​បាន​ព្រមាន​ថា ​ទីផ្សារ​របស់​ចិន​​កំពុង​ជោរជន់​ទៅ​ដោយ​ឆ្នាំង​សាក​ក្លែងក្លាយ​ដែល​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​អ្នក​ទៅ​ជា​ “គ្រាប់​បែក” ​បាន។
​​​​អ្នក​ជំនាញ​ខាង​លើ​បាន​ណែនាំ​ថា ​បើ​ឆ្នាំង​សាក​របស់​អ្នក​​​ខូច​ ​អ្នក​ប្រើប្រាស់​គួរ​ទៅ​រក​ទិញ​ផលិតផល​ដើម​ពី​ក្រុមហ៊ុន​ដែល​ផលិត​ផលិតផល​នោះ​ជា​ជាង​ទៅ​រក​ឆ្នាំង​សាក​តម្លៃ​ថោក​ដែល​គ្មាន​គុណភាព។ ​ចំណុច​ដែល​គួរ​ជៀសវាង​មួយ​ទៀត​​គឺ​ ការ​លើក​យក​ទូរសព្ទ​មក​និយាយ​នៅ​ពេល​កំពុង​សាក​ ខណៈ​ដៃ​របស់​អ្នក​មាន​សំណើម ​ដែល​អាច​ប្រឈម​នឹង​ការ​ឆក់​បាន។ ​​លោក Scott ​ក៏​បាន​ព្រមាន​ពី​ការ​ ទុក​ទូរសព្ទ​នៅ​កន្លែង​ហប់​ជិត​ឈឹង​​ពិសេស​នៅ​ពេល​អាកាសធាតុ​កំពុង​កើន​កម្ដៅ​ដូច​បច្ចុប្បន្ន។
​តាម​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​ប៉ូលិស​បង្ហាញ​ថា ​​កញ្ញា Ma Ailun ​​​ពិត​​ជា​ត្រូវ​ឆក់​ស្លាប់​មែន ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​លម្អិត​បន្ថែម​ទៀត​ឡើយ។ ​​ចំណុច​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ​ទៀត​នោះ​គឺ​ថា ​តើ​ឆ្នាំង​សាក​ដែល​នាង​ប្រើប្រាស់​នោះ​ជា​ឆ្នាំង​សាក​ប្រភេទ​ណា?
​​បង​ស្រី​របស់​​ជន​រងគ្រោះ​​បាន​រៀប​រាប់​​​​ថា ​ប្អូន​ស្រី​របស់​ខ្លួន​ទិញ​ទូរសព្ទ iPhone 5 ​នោះ​ពី​ហាង​ Apple ស្របច្បាប់ ​និង​ប្រើប្រាស់​​ឆ្នាំង​សាក​ Original ​​នៅ​ពេល​ឆក់​ស្លាប់ ខណៈ​ពេល​នោះ​នាង​ចេញ​ពី​បន្ទប់​ទឹក​មក​ទទួល​ទូរសព្ទ។​ អីចឹង​​តើ​មូលហេតុ​ដែល​នាំ​ឲ្យ​ MA ​ឆក់​ស្លាប់​អាច​បណ្ដាល​មក​ពី​នាង​និយាយ​ពេល​ដៃ​មាន​សំណើម ​​ប្រើប្រាស់​ឆ្នាំង​សាក​គ្មាន​គុណភាព ​ឬ​មក​ពី​បញ្ហា​ណាមួយ​ផ្សេង​​ទៀត?




Source : sabay news