ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៃលីកកំពូលអង់គ្លេស បង្ហាញឈុតថ្មីរបស់ខ្លួនទាំងក្នុងដី និងក្រៅដីសម្រាប់ប្រើប្រាស់ក្នុងរដូវកាល២០១៣-១៤ ព្រមជាមួយឈ្មោះក្រុមហ៊ុនឧបត្ថម្ភថ្មីលើអាវរបស់ខ្លួនគឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក HP (Hewlett-Packard)។
តាំងពីឆ្នាំ២០១០មក ដៃគូឧបត្ថម្ភនៅលើអាវរបស់ក្រុមមាន់ខ្នាយមាសគឺក្រុមហ៊ុន software របស់អង់គ្លេស Autonomy PLC។ តែក្រុមហ៊ុននេះត្រូវ HP ទិញយកកាលពីឆ្នាំ២០១១ក្នុងតម្លៃ៦,៦ពាន់លានផោន (៩,៨ពាន់លានដុល្លារ)។ ហើយនៅពេលនេះ HP សម្រេចចិត្តពង្រីកកិច្ចសន្យាឧបត្ថម្ភក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅភាគខាងជើងរាជធានីឡុងដុងបន្តទៀត តែលែងដាក់ Autonomy ដូចមុនហើយ គឺដាក់ HP វិញ។
ពីឆ្វេងទៅស្ដាំ Michael Dawson, Brad Friedel, Jermain Defoe និង Gareth Bale
ប្រធានក្លិប Spurs លោក Daniel Levy ថ្លែងថា៖ “ពួកយើងរីករាយស្វាគមន៍ការវិលត្រលប់មកវិញនៃយីហោ HP ដែលធ្លាប់ជាដៃគូរបស់ក្លិបក្នុងទសវត្សឆ្នាំ៩០ សាជាថ្មី។ HP បានអភិវឌ្ឍខ្លួនឯងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយនៅលើពិភពលោក ហើយពេលនេះយើងកំពុងរង់ចាំធ្វើការជាមួយពួកគេម្ដងទៀតក្នុងរដូវកាលថ្មី”។
ឥឡូវមើលឈុតថ្មីដែលផលិតដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡាអាមេរិក Under Armour បន្តិចមើល៍ ស្អាតទេ? ក្រុមហ៊ុន Under Armour នេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយ Spurs ដែលមានតម្លៃ៥០លានផោន មានន័យថា Spurs បានចំណូល១០លានផោនក្នុងមួយឆ្នាំពីក្រុមហ៊ុននេះ៕
ព័ត៌មានទាក់ទងនឹងក្របខ័ណ្ឌ Barclays Premier League សូមចុចត្រង់នេះ…
Source : sabay news