ក្លិបហង្សក្រហម Liverpool បានទទួលសមាជិកថ្មី២រូបជាផ្លូវការហើយ គឺ Iago Aspas និង Luis Alberto។ ដូច Sabay ធ្លាប់បានផ្សាយកន្លងមកហើយថា កីឡាករទាំងពីររូបនេះ បានមកដល់ក្លិបនេះតាំងពីសប្ដាហ៍មុនមកម្ល៉េះ ប៉ុន្តែមិនទាន់បញ្ចប់ការផ្ទេរជាផ្លូវការប៉ុណ្ណោះ។
Iago Aspas បានផ្ទេរពី Celta Vigo ក្នុងតម្លៃ៧លានផោន ដោយចុះកិច្ចសន្យារយៈពេលវែង ខណៈ Alberto បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន ៦,៨លានផោន។
Luis Alberto កាន់អាវថ្មីរបស់ខ្លួន
Aspas ពេលលេងនៅ Celta Vigo
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Aspas បានស៊ុតបញ្ចូលទី១២គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួតឲ្យ Celta Vigo ក្នុងរដូវកាលកន្លងទៅ។ កីឡាករវ័យ២៥ឆ្នាំ ធ្លាប់ត្រូវបានអ្នកចាត់ការហង្សក្រហម Brenden Rodgers ចាប់អារម្មណ៍តាំងពីលោកនៅដឹកនាំ Swansea មកម្ល៉េះ។
ចំណែក Alberto ដែលមានសញ្ជាតិអេស្ប៉ាញដែរនោះ គឺជាកីឡាករដែលត្រូវបានក្លិប Barcelona B ខ្ចីជើងពី Sevilla កាលពីរដូវកាលមុន ដោយបង្ហាញខ្លួន៣៨ប្រកួត និងស៊ុតបញ្ចូលទី១១គ្រាប់។ ជុំវិញការទទួលបានសមាជិកថ្មីវ័យត្រឹម២០ឆ្នាំនេះ លោក Rodgers បាននិយាយឲ្យដឹងថា៖ “យើងគ្រប់គ្នានៅក្នុងក្លិប សប្បាយចិត្តដែល Luis បានសម្រេចចិត្តចូល Liverpool។ ខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើការជាមួយគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់គាត់ ហើយគាត់បានចូលក្នុងចំណោមកីឡាករក្មេងៗរបស់ក្លិបយើង”។
កីឡាករសញ្ជាតិអេស្ប៉ាញទាំងពីរនេះ គឺជាសមាជិកទី២ និងទី៣ នៅ Anfield ក្រោយពី Liverpool ចុះកុងត្រាជាមួយខ្សែការពារក្លិបមេឃខៀវ Manchester City, Kolo Toure នាពេលកន្លងមក។ ក្លិបនេះក៏ត្រៀមទទួលបានអ្នកចាំទី Simon Mignolet របស់ក្រុមឆ្មាខ្មៅ Sunderland ជាផ្លូវការផងដែរ៕
ប្រភពៈ sabay