ទោះបីជាបញ្ចប់វគ្គជម្រុះ World Cup ដោយជោគជ័យក៏ដោយ ក៏ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានសម្រេចតែងតាំងគ្រូបង្វឹកថ្មីហើយកាលពីព្រឹកម៉ិញនេះ (ថ្ងៃចន្ទ ទី២៤ មិថុនា)។
មិនខុសពីគ្រូបង្វឹកចាស់នោះទេ គ្រូបង្វឹកថ្មីជាជនជាតិកូរ៉េខាងត្បូង ហើយក៏ជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសនេះផងដែរនោះ គឺលោក Hong Myung-bo។ បុរសដែលត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់កូរ៉េខាងត្បូង និងជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករបំផុតនានាក្នុងតំបន់អាស៊ីរូបនេះ ធ្លាប់បានជួយឲ្យកូរ៉េខាងត្បូងបានលេខ៤ World Cup 2002 លើទឹកដីខ្លួនឯង ហើយក៏បានឈ្នះពានរង្វាន់បាល់សំរឹទ្ធនាពេលនោះទៀតផង។
ក្រោយចូលនិវត្តន៍ពីទីលានបាល់ទាត់កាលពីឆ្នាំ២០០៤មក លោកបានចូលរួមបង្វឹកក្រុមយុវជនមួយចំនួននៅកូរ៉េខាងត្បូង ក៏ដូចជាដឹកនាំក្រុម U-23 ប្រទេសនេះ ឲ្យឈ្នះមេដាយសំរឹទ្ធនៅអូឡាំពិក ឆ្នាំ២០១២ផងដែរ។
លោក Hong Myung-bo (ទី២រាប់ពីស្ដាំ) ពេលដឹកនាំក្រុម U-23 កូរ៉េខាងត្បូង នៅអូឡាំពិក ២០១២
កំណត់ត្រាដ៏ល្អនេះ គឺល្មមគ្រប់គ្រាន់ឲ្យសហព័ន្ធកីឡាបាល់ទាត់ប្រទេសកូរ៉េខាងត្បូង (KFA) សម្រេចជ្រើសរើសលោកជាគ្រូបង្វឹកថ្មី ជំនួសលោក Choi Kang-hee។ ទោះបីដឹកនាំកូរ៉េខាងត្បូង ឲ្យឆ្លងផុតវគ្គជម្រុះ World Cup ក៏ពិតមែន ប៉ុន្តែលោក Choi មិនបានដឹកនាំក្រុមនេះឲ្យទទួលលទ្ធផលល្អប៉ុន្មានទេ ពោលគឺស្ថិតនៅលេខ២ក្នុងពូល បន្ទាប់ពីចាញ់អ៊ីរ៉ាក់ថ្ងៃចុងក្រោយ ហើយនៅលើអ៊ូបេគីស្ថានទាំងប្រផុតប្រផើយបំផុត (ពិន្ទុស្មើ តែឈ្នះគ្រាប់បាល់)។
Hong Myung-bo បានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ដែលមានន័យថាលោកនឹងត្រូវដឹកនាំក្រុមខ្លាំងប្រចាំតំបន់អាស៊ីមួយនេះទៅប្រកួត World Cup 2014 នៅប្រេស៊ីល និង AFC Asian Cup ឆ្នាំ២០១៥។ គ្រូបង្វឹកវ័យ៤៤ឆ្នាំរូបនេះ នៅតែជាប់ឈ្មោះជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេក្នុងជម្រើសជាតិកូរ៉េខាងត្បូងដដែលគិតមកទល់ពេលនេះ ពោលគឺបានបង្ហាញខ្លួន ១៣៦ប្រកួត បូករួមទាំងកំណត់ត្រាកីឡាករនៅអាស៊ីទី១ ដែលបង្ហាញខ្លួននៅ World Cup ៤ដងជាប់ៗគ្នា៕
ចាំមើលមើល៍ ថាតើលោក Hong Myung-bo អាចដឹកនាំបានល្អជាងគ្រូបង្វឹកចាស់ដែរឬទេ?
source : sabay