គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Cesare Prandelli បានសម្ដែងការខឹងសម្បារចំពោះខ្សែប្រយុទ្ធMario Balotelli បើទោះបីជាកីឡាករសម្បូររឿងអាស្រូវរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះទល់នឹងម៉ិកស៊ីកូ នៅ Confederations Cup កាលពីយប់មិញក៏ដោយ។
Balotelli ដោះអាវពេលទាត់ចូល
Balotelli បានស៊ុតបញ្ចូលទីគ្រាប់ទី២ឲ្យអ៊ីតាលីនៅ១២នាទីមុនចប់ការប្រកួត ប៉ុន្តែលោក Prandelli បានខឹងយ៉ាងខ្លាំង ក្រោយពីខ្សែប្រយុទ្ធក្រុម AC Milan បានដោះអាវជាការអបអរក្រោយស៊ុតបញ្ចូលទី ដែលស្មើនឹងការពិន័យកាតលឿងពីអាជ្ញាកណ្ដាល។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ៥៥ឆ្នាំដែលមិនទាន់ភ្លេចពេល Balotelli ទទួលកាតលឿង២ដង នៅវគ្គជម្រុះ World Cup ទល់នឹងសាធារណរដ្ឋឆេក បាននិយាយឲ្យដឹងថា៖ “Mario ត្រូវតែឈប់ដោះអាវពេលស៊ុតចូលទី។ ការទទួលកាតលឿងឆ្កួតៗបែបនេះ មិនមែនជារឿងល្អក្នុងពានរង្វាន់ដ៏តឹងតែងមួយនេះឡើយ”។
យ៉ាងណាក្ដី លោក Prandelli ក៏បានកោតសរសើរ និងពេញចិត្តដល់ទម្រង់លេងរបស់ក្រុមទាំងមូលផងដែរ។
Balotelli ស៊ុតបញ្ចូលទី
អ៊ីតាលីនឹងត្រូវប៉ះជប៉ុន នៅក្នុងការប្រកួតលើកទី២ នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង៥:០០ទៀបភ្លឺ៕
Source : Sabay