TwitterFacebookGoogle PlusLinkedInRSS FeedEmail

ភ្លៀង​អីចឹង បើកបរ​ម៉េច​ទើប​មាន​សុវត្ថិភាព?


ការ​បើកបរ​ពេល​មាន​ភ្លៀង​ធ្លាក់ មិន​ថា​ធ្វើ​ដំណើរ​ក្នុង​ក្រុង ឬ​ដំណើរ​ផ្លូវ​ឆ្ងាយ​ឡើយ អ្នក​បើកបរ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​តាម​ដង​ផ្លូវ​កាន់​តែ​ខ្ពស់​តែ​ម្ដង។ ភ្លៀង​មាន​ឥទ្ធិពល​លើ​ដង​ផ្លូវ​ក្រាល​ដោយ​កៅស៊ូ ឬ​ដី​ក្រហម, យានយន្ត និង​លទ្ធភាព​មើល​ផ្លូវ​បើក​បរ​របស់​អ្នក។
អាស្រ័យហេតុនេះ  Sabay សូម​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លះៗ​សម្រាប់​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព​ពេល​មេឃ​ភ្លៀង ឬ​ក្នុង​រដូវ​ភ្លៀង។
ជំហាន​ដំបូង​គេ​បង្អស់​មុន​ពេល​បើកបរ អ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​របស់​អ្នក​ជា​ប្រចាំ ដូចជា ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ហ្វ្រាំង ហ្គែរ ចង្កូត សម្បក​កង់​ជាដើម។ ខាងក្រោម​នេះ ជា​ចំណុច​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​បើកបរ​យាន​យន្ត៖
១. គួរ៖
បន្ថយ​ល្បឿន៖ ពេល​មេឃ​ភ្លៀង ឬ​ក្រោយ​ភ្លៀង ផ្លូវ​នឹង​សើម​មាន​ទឹក​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​យានយន្ត​របស់​អ្នក​រអិល។ ចៀសវាង​គ្រោះ​ថ្នាក់​កើត​មាន​ជា​យថាហេតុ អ្នក​គួរ​បន្ថយ​ល្បឿន​មក​កម្រិត​ល្មម​គួរ​សម។
រក្សា​គម្លាត​រថយន្ត៖ ព្យាយាម​រក្សា​គម្លាត​ចម្ងាយ​រវាង​យានយន្ត​របស់​អ្នក និង​យានយន្ត​នៅ​ខាង​មុខ ឲ្យ​ឆ្ងាយ​ជាង​កម្រិត​ធម្មតា​គ្មាន​មេឃ​ភ្លៀង ដោយ​ហេតុ​ថា បើ​អ្នក​ជាន់​ហ្វ្រាំង​ឈប់ ឬ​ប្រថុចញ៉ុច​ យាន​យន្ត​អ្នក​នឹង​មិន​រអិល​ជ្រុល​ទៅ​បុក​គូថ​យានយន្ត​ខាង​មុខ​ឡើយ។
បើក​ភ្លើង៖ អ្នក​ត្រូវ​បើក​ភ្លើង​យានយន្ត​ពេល​ធ្វើ​ដំណើរ​មាន​ភ្លៀង​ធ្លាក់ ឬ​មេឃ​ងងឹត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​បុក​គ្នា​ដោយ​មើល​មិន​ឃើញ។
បើកបរ​ក្នុង​ជួរ៖ ត្រូវ​បើក​បរ​ក្នុង​ជួរ​រថយន្ត​ដែល​នៅ​ខាង​មុខ​អ្នក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ព្រោះ​ថា​បើ​អ្នក​ចង់​លឿន ហើយ​បើកបរ​ខុស​ជួរ អាច​នឹង​មាន​បញ្ហា​មើល​ផ្លូវ​មិន​ឃើញ​ពេល​មេឃ​ភ្លៀង និង​បុក​យានយន្ត​បញ្ច្រាស​ទិស​គ្នា។ ម្យ៉ាង​ទៀត អ្នក​អាច​សម្គាល់​មើល​ផ្លូវ​យ៉ាង​ស្រួល ដោយ​ភ្លើង​ហ្វ្រាំង​របស់​យានយន្ត​ខាង​មុខ​អ្នក។
២. មិន​គួរ
ជាន់​ហ្វ្រាំង​គំហុក​ពេក៖ ចៀសវាង​ជាន់ ឬ​ចាប់​ហ្វ្រាំង​យ៉ាង​គំហុក​ប្រថុចញ៉ុច​ភ្លាមៗ​ពេល​បើកបរ​មេឃ​កំពុង​ភ្លៀង ឬ​លើ​ដង​ផ្លូវ​សើម​ជោគ​​ជាំំ​ដោយ​ទឹក ព្រោះ​អាច​រអិល​ជ្រុល​ទៅ​បុក​អ្វីៗ​នៅ​តាម​ដង​ផ្លូវ។ បើ​បើកបរ​លឿន ស្រួល​មិន​ស្រួល​អាច​នឹង​ក្រឡាប់​ ឬ​រអិលដួល​ទៀត​ក៏​ថា​បាន។ អ្នក​ត្រូវ​ជាន់​ហ្វ្រាំង​​ពី​ចម្ងាយ​ជា​ការ​ប្រសើរ។
បើក​បរ​ពេល​មេឃ​ភ្លៀង​ខ្លាំង៖ ភ្លៀង​ខ្លាំង គឺ​ពោរពេញ​ដោយ​គ្រាប់​ភ្លៀង​ធំៗ​គួប​ផ្សំ​នឹង​ខ្យល់​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​មើល​ផ្លូវ។ បើ​ទោះ​អ្នក​បើក​ភ្លើង​យានយន្ត​ក៏​ដោយ ក៏​អ្នក​ពិបាក​នឹង​មើល​ថា​តើ​មាន​អ្វី​នៅ​ខាង​មុខ​ដែរ។ ដូច្នេះ បើ​ភ្លៀង​ខ្លាំង​ងងឹត សូម​ជ្រក​ភ្លៀង ឬ​រង់​ចាំ​ភ្លៀង​អន់​បន្តិច សឹម​ធ្វើ​ដំណើរ​បន្ត។
បើក​បរ​មាន​ផ្គរ​រន្ទះ៖ ភ្លៀង​ដើម​ឆ្នាំ ឬ​ដើម​រដូវ​​ តែង​តែ​កាច ដោយ​នាំ​មក​នូវ​ទឹក​ភ្លៀង​គ្រាប់​ធំៗ​លាយ​ឡំ​នឹង​សំឡេង​ផ្គរ​រន្ទះ​គំរាម​កំហែង​ដល់​អ្នក​បើកបរ​ទាំង​ឡាយ។ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​ដោយ​រន្ទះ ជា​ពិសេស​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​គប្បី​ជ្រក​ភ្លៀង​សិន រួច​សឹម​បន្ត​ដំណើរ។ អូ! កុំ​ភ្លេច​បិទ​ទូរសព្ទ ឬ tablet ផង​ណា៎!។

Source : Sabay

0 comments:

Post a Comment