TwitterFacebookGoogle PlusLinkedInRSS FeedEmail

សៀមរាប​ ជាប់​ជា​គោលដៅ​ទេសចរណ៍​កំពូល​ពិភព​លោក​ជា​ថ្មី​ ឆ្នាំ​២០១៣​នេះ


គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លំដាប់​​ពិភពលោក​ TripAdvisor ​បាន​ប្រកាស​ ខេត្ត​សៀមរាប​ ជាប់​ជា​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​មួយ​ ក្នុង​ចំណោម​តំបន់​គោលដៅ​ទេសចរណ៍​កំពូល​ទាំង​២៥​ក្នុង​លោក​ (Travellers’ Choice Destinations)​ ជា​ថ្មី​​ម្ដង​​ទៀត​ សម្រាប់​ឆ្នាំ​២០១៣​ ។
ការ​ចាត់​ចំណាត់​ថ្នាក់​នេះ​ គឺ​យោង​តាម​ចំនួន​​ភាគ​ច្រើន​​នៃ​ការ​បញ្ចេញ​យោបល់​របស់​ភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់​ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​ទាំង​​៤១២​របស់​ពិភពលោក រួម​ទាំង​កម្ពុជា​​ផង។ គេហទំព័រ​​នេះ​​​ជ្រើស​រើស​តំបន់​គោល​ដៅ​កំពូល​តែ​២៥​ប៉ុណ្ណោះ​ ដោយ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២១​ ​ខែ​ឧសភា​​ កន្លង​ទៅ។ ​ឆ្នាំ​២០១៣​នេះ​ ទីក្រុង​ប៉ារីស៍​ រដ្ឋធានី​បារាំង​​ជាប់​លេខ​មួយ​ និង​ញ៉ូយ៉ក​ ទី​ក្រុង​អាមេរិក​ជាប់​លេខ​ពីរ​ ខណៈ​ក្រុង​សៀម​រាប​ជាប់​លេខ​​២៣​ឯ​ណោះ។
ឆ្នាំ​២០១២​កន្លង​ទៅ​ ខេត្ត​​សៀមរាប​ជាប់ ចំណាត់​ថ្នាក់​ល្អ​ គឺ​លេខ​៩ តាម​រយៈ​គេហទំព័រ​ដដែល​ ដូច្នេះ​ចំណាត់​ថ្នាក់​ឆ្នាំ​នេះ​ មាន​ការ​ធ្លាក់​ចំនួន​១៤​លេខ។
តែ​ទោះ​បី​យ៉ាង​ណា​ ដំណឹង​នេះ​ហាក់​ពុំ​មាន​ប្រជាជន​ខ្មែរ​ សូម្បី​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​បាន​ជ្រាប​ច្បាស់​​ឡើយ។
ជាក់​ស្ដែង ​អេន សុផល​ មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀម​រាប​ មិន​បាន​ដឹង​ព័ត៌មាន​នេះ​ទេ​ ប៉ុន្តែ​លោក​យល់​ថា​ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​រឹត​តែ​ទុក​ចិត្ត​ប្រទេស​កម្ពុជា​ឡើង​ ទាក់​ទង​នឹង​សុវត្ថិភាព និង​សេវាទេសចរ​ ដូច្នេះ​កំណើន​អ្នក​មក​លេង​ខេត្ត​សៀមរាប​​នឹង​បន្ត​កើន​ឡើង​ទៀត។
មគ្គទ្ទេសក៍​ទេសចរ​រូប​នេះ​បន្ត​ថា៖ “ភ្ញៀវ​របស់​​ខ្ញុំ​ពិត​ជា​សរសើ​រ​តំបន់​ទេសចរ​វប្បធម៌​ប្រវត្តិសាស្រ្ត​របស់​យើង​ថា​រៀបចំ​បាន​ល្អ​ ប៉ុន្តែ​សម្រាប់​អេកូទេសចរណ៍​វិញ​ យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម​រៀប​ចំ​ឲ្យ​បាន​ល្អ​ បើ​ពុំ​នោះ​ទេ​មិន​អាច​ចាប់​គេ​ឲ្យ​ស្នាក់​នៅ​ស្រុក​ខ្មែរ​បាន​យូរ​ឡើយ”។
ចំណែក​ លោក​ មុត ណារិន​ មគ្គទ្ទេសក៍​ទេសចរ​នៅ​ខេត្ត​សៀមរាបមួយ​រូប​ទៀត​​ ក៏​ពុំ​បាន​ដឹង​ដំណឹង​នេះ​ដែរ។ លោក​ថា​ ចំណាត់​ថ្នាក់​នេះ​នឹង​ជួយ​លើក​ប្រជាប្រិយភាព​ដល់​តំបន់​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់​តែ​ល្បី​ឡើង​ ដូច្នេះ​កំណើត​ទេសចរណ៍​នឹង​កើន​កាន់​តែ​ខ្លាំង។
លោក​ មុត ណារិន​​ បន្ថែម​ថា៖ “ខ្ញុំ​មាន​មោទនភាព​ណាស់​នៅ​ពេល​ឮ​ព័ត៌មាន​នេះ។ ការ​ពិត​ ទី​ក្រុង​សៀមរាប​យើង​ គឺ​ស័ក្ដិសម​ជាប់​មែន​ ព្រោះ​ឥឡូវ​តាម​ដង​ស្ទឹង​ត្រូវ​បាន​សម្អាត​យ៉ាង​ស្អាត។ នៅ​ពេល​ថ្ងៃ​គេ​មើល​ប្រាសាទ​ ឯ​ពេល​យប់​វិញ​ គេ​អាច​ដើរ​កម្សាន្ត​តាម​ផ្សារ​បាន”។
រីឯ​លោក​ ធៀប​ ប៊ុនធិន​ តំណាង​សមាគម​មគ្គទ្ទេសក៍​ទេសចរ​ខ្មែរ​អង្គរ​ ដែល​មាន​​អ្នក​នាំ​ភ្ញៀវ​ជា​សមាជិក​រហូត​ដល់​៤០០​នាក់​ឯណោះ​ ក៏​ពុំ​ទាន់​បាន​ជ្រាប​​ពី​ព័ត៌មាន​នេះ​ដែរ។ ទន្ទឹម​នឹង​ការ​រំពឹង​ថា​ ចំណាត់​ថ្នាក់​នេះ​នឹង​ជួយ​បង្កើត​ភ្ញៀវ​ទេសចរ​ លោក​ក៏​បារម្ភ​ចំពោះ​ការបាត់​បង់​ការងារ​របស់​មគ្គទ្ទេសក៍​ ឬ​ពលករ​ក្នុង​ស្រុក​ដែរ។
លោក​បញ្ជាក់​ថា៖ “បើ​​ភ្ញៀវ​ទេសចរ​​មក​ពី​អាមេរិក​ ឬ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កើន​​ទើប​ល្អ​ ពីព្រោះ​ពួក​គេ​មក​តែ​ម្នាក់​ឯង​ ជា​គូ​ ឬ​គ្រាន់​តែ​មួយ​គ្រួសារ​បួន​ប្រាំ​នាក់​ ដែល​អាច​ជួល​អ្នក​បើកបរ​ម្នាក់​ និង​មគ្គុទ្ទេសក៍​ម្នាក់។ ដូច្នេះ​បើ​ពួក​គេ​មក​កាន់​តែ​ច្រើន​ជា​លក្ខណៈ​បែប​នេះ​ ពលករ​ក្នុង​ស្រុក​កាន់​តែ​មាន​ការងារ​ធ្វើ​ច្រើន​ដែរ។ ផ្ទុយ​ពី​ភ្ញៀវ​អាស៊ី​និយម​មក​ជា​ក្រុម​ ដូច្នេះ​គេ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​តែ​មួយ​ និង​មគ្គទ្ទេសក៍​តែ​ម្នាក់​ជា​ការ​ស្រេច ដែល​​អាច​ធ្វើ​ឲ្យ​​ពលករ​ក្នុង​ស្រុក​​ជា​ច្រើន​បាត់​បង់​​ការងារ​​ធ្វើ​”។
ដោយ​ឡែក​ លោក​ លឹម សំផូ ​អ្នក​គ្រប់​គ្រង​សេវា​ទេសចរណ៍​ Sam Pho-Angkor Tour Guide & Driver ​នៅ​ខេត្ត​សៀមរាប​​ ថ្លែង​ថា​ លោក​បាន​ដឹង​ដំណឹង​នេះ​​​ ហើយ​លោក​ក៏​​យល់​​មិន​ខុស​ពី​មគ្គទ្ទេសក៍​ទេសចរ​ផ្សេង​ដែរ​ គឺ​​ចំណាត់​ថ្នាក់​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កំណើត​ទេសចរណ៍​បន្ថែម​ទៀត​មក​កាន់​ក្រុង​អង្គរ។
ប៉ុន្តែ​លោក​បាន​បង្ហាញ​បញ្ហា​គួរ​កែ​កែ​តម្រូវ​មួយ​ចំនួន​​ថា៖ “អ្វី​ៗ​ល្អ​ហើយ​ ទាស់​ត្រង់​ផ្លូវ​មួយ​ចំនួន​ពិបាក​ធ្វើ​ដំណើរ​ និង​លិច​ទឹក​នៅ​ពេល​ខ្លះ។ ចំណែក​កន្លែង​លក់​សំបុត្រ​វិញ​មិន​គួរ​មាន​តែ​មួយ​ទេ​ ព្រោះ​ពេល​ខ្លះ​ស្ទះ​ ភ្ញៀវ​ត្រូវ​រង​ចាំ​រហូត​ដល់​កន្លះ​ម៉ោង​ឯណោះ”៕

Source : Sabay.com.kh

0 comments: