TwitterFacebookGoogle PlusLinkedInRSS FeedEmail

ប្រេស៊ីល​ឡើង​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ​អ៊ុយរុយហ្គាយ


ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​បាន​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Confederations Cup ហើយ ក្រោយ​ឈ្នះ​អ៊ុយរុយហ្គាយ​ ២-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់មិញ​នេះ។
នេះ​ជា​ការ​បន្ត​កំណត់ត្រា​១០០%​ (មិន​ចាញ់ មិន​ស្មើ) សម្រាប់​ប្រេស៊ីល​ក្នុង​បួន​ប្រកួត​ ចាប់​តាំង​ពី​ថ្ងៃ​បើក​ឆាក​មក។ ការ​តែត​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​របស់ Paulinho គឺ​គ្រប់គ្រាន់​ឲ្យ​ក្រុម​សាំ​បា​ឡើង​ទៅ​ចាំ​​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ដោយ​​រង់​ចាំ​​ជួប​អេស្ប៉ាញ ឬ​អ៊ីតាលី។
Paulinho លោត​តែតគ្រាប់​ជ័យជម្នះ​ឲ្យ​ប្រេស៊ីល
Fred បាន​ជួយ​ឲ្យ​ប្រេស៊ីល​នាំ​មុខ​មុន​នៅ​៣នាទី​មុន​ចប់​តង់​ទី​១ ក្រោយ​ទទួល​បាល់​ពី​ Neymar។ ប៉ុន្តែ​អ៊ុយរុយហ្គាយ​បាន​តាម​ស្មើ​វិញ​នៅ​ដើម​តង់​ទី​២ ដោយ​ការ​ស៊ុត​របស់ Edinson Cavani បន្ទាប់​ពី​​​ខ្សែ​ការពារ​ប្រធាន​ក្រុម​ប្រេស៊ីល Thiago Silva ភ្លាត់​ស្នៀត​នៅ​មុខ​ទី​ខ្លួន​ឯង។
អ៊ុយរុយហ្គាយ​មាន​ឱកាស​បាន​បាល់​ពិន័យ​១១ម៉ែត្រ​​តាំង​ពី​នាទី​១៤ ប៉ុន្តែ​មិន​អាច​នាំ​មុខ​ម្ចាស់​ផ្ទះ​បាន បន្ទាប់​ពី​អ្នក​ចាំ​ទី Julio Cesar អាច​ជួយ​សង្រ្គោះ​ការ​ស៊ុត​របស់ Diego Forlan បាន។ បាល់​ពិន័យ​១១មែត្រ​នេះ កើត​ឡើង​ក្រោយ​ពី David Luiz បាន​បង្ក​កំហុស​លើ​ប្រធាន​ក្រុម​អ៊ុយរុយហ្គាយ Diego Lugano ក្នុង​តំបន់​គ្រោះថ្នាក់។
Cavani ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ​អ៊ុយរុយហ្គាយ
Fred ស៊ុត​គ្រាប់​ទី​១ឲ្យ​ប្រេស៊ីល
គ្រាប់​បាល់​ជ័យជម្នះ​ដែល​​ធ្វើ​ឲ្យ​កីឡដ្ឋាន Estadio Mineirao ទាំង​មូល​កក្រើក​ឡើង​នោះ គឺ​កើត​ឡើង​នៅ​៤នាទី​មុន​ចប់​ការ​ប្រកួត ពោល​គឺ​ពេល​ដែល​បាល់​ដែល​ទាត់​ចេញ​ពី​ជ្រុង​ដោយ Neymar ទៅ​ចំ​ក្បាល Paulinho ដែល​លោត​សំកាំង​ខ្លួន​តែត​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ៕

Source : sabay