ពាក្យចចាមអារ៉ាមកន្លងមកដែលល្បីថា Intel ក៏នឹងមានវត្តមានចូលរួមប្រកួតប្រជែងទីផ្សារ Smartwatchនោះ ឥឡូវបានដឹងការពិតច្បាស់លាស់មែនទែនហើយ។ ថ្មីៗនេះ ប្រធានផ្នែកបច្ចេកវិទ្យារបស់ Intel លោក Justin Rattner បានទម្លាយការពិតដោយបានអះអាងថា ពាក្យចចាមអារ៉ាមដែលបានលើកឡើងទាំងនោះ ជាការពិតដោយខណៈនេះក្រុមហ៊ុនកំពុងស្ថិតក្នុងចង្វាក់ផលិត និងធ្វើតេស្ត៍ជាបណ្ដើរៗហើយដែរ។
ទោះជាយ៉ាងណា នាឡិកាដៃមិនទាន់ប្រសូតរូបរាងផ្លូវការនៅឡើយនេះ អាចជាផ្នែកមួយនៃ iWatch របស់ Apple ដែលកន្លងទៅធ្លាប់មានព័ត៌មានថា Apple ក៏កំពុងអភិវឌ្ឍផងដែរ ដោយមានការរួមសហការជាមួយក្រុមហ៊ុន Intel។ Rattner បានគូសបញ្ជាក់ថា ពេលនេះ Intel កំពុងអភិវឌ្ឍព្រមទាំងធ្វើតេស្ត៍ទៅលើផលិតផលពាក់កណ្ដាលសម្រេចជាបណ្ដើរៗ។
“ពិតមែនហើយ យើងផ្ដោតលើអេក្រង់ថ្មីហើយប្លែក។ នាឡិកាគឺជាប្រភេទ device ដែលយើងសម្លឹងឃើញ __ ប្រសិនបើអ្នកចង់ប្រើដើម្បីមើលម៉ោង វាពិតជាជំនាញខ្លាំងណាស់” “ប៉ុន្តែប្រសិនបើអ្នកកំពុងនិយាយពីការវាយអក្សរនាពេលបច្ចុប្បន្ននេះ តើវាមិនល្អទេឬដោយគ្រាន់តែសម្លឹងទៅលើកដៃអ្នក”។
ទន្ទឹមនេះមានព័ត៌មានជាច្រើនទៀតថា នៅលើ smartwatch ក៏នឹងមានប្រព័ន្ធប្រតិបត្តិការរបស់វាដែរគឺ iOS។
Smartwatch ជានាឡិកាដៃទំនើបដែលមានមុខងារខុសប្លែកពីនាឡិកាធម្មតា វាមិនគ្រាន់តែសម្រាប់មើលម៉ោងប៉ុណ្ណោះទេ តែក៏បានបន្ថែមមុខងារទំនើបៗមួយចំនួនដូចជា៖ Call ផ្ញើ SMS E-mails ព្រមទាំងអាចដាក់កម្មវិធីប្រើប្រាស់ផ្សេងៗបានជាដើម។
កន្លងមក LG, Google, Samsung, Apple , Sony សុទ្ធតែមានព័ត៌មានមកថា នឹងផលិត smartwatch ផងដែរ។ មើលទៅហាក់ដូចជាក្រុមហ៊ុនល្បីៗទាំងនេះ ដេញជើងគ្នាយ៉ាងសម្បើម។ ចាំមើលទីផ្សារ smartwatch នាពេលខាងមុខខ្លាំងយ៉ាងណា ទើបបានជាមួយៗនាំគ្នាផលិតនាឡិកាទៅវិញនោះ។
Source : Sabay