ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល និងអ៊ីតាលី បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Confederations Cup ជាស្វ័យប្រវត្តិទោះសល់មួយប្រកួតទៀតក៏ដោយ ក្រោយយកឈ្នះគូប្រជែងរួមពូល A គឺម៉ិកស៊ីកូ និងជប៉ុនរៀងៗខ្លួនកាលពីទៀបភ្លឺព្រឹកម៉ិញនេះ។
ក្រោយយកឈ្នះជប៉ុន ៣-០ ក្នុងថ្ងៃបើកឆាក ក្រុមម្ចាស់ផ្ទះប្រេស៊ីលនៅតែបង្កភាពខ្លាំងរបស់ខ្លួនដដែល ដោយបានយកឈ្នះម៉ិកស៊ីកូ ២-០។ Neymar បានរកគ្រាប់ទី១ឲ្យប្រេស៊ីល ក្រោយចាប់ផ្ដើមការប្រកួតបាន៩នាទី ដែលជាគ្រាប់ទី២របស់ខ្លួនក្នុងពានរង្វាន់នេះ។ ហៀបនឹងចប់ការប្រកួតទៅហើយនោះ កីឡាករចំណូលថ្មីរបស់ Barcelona រូបនេះ បានបញ្ជូនបាល់ឲ្យ Jo បន្ថែមគ្រាប់ទី២ឲ្យក្រុមម្ចាស់ផ្ទះ World Cup 2014។
Neymar អបអរក្រោយស៊ុតបញ្ចូលទី
ចំណែកគូទីពីររវាងជប៉ុន និងអ៊ីតាលី ដែលទើបបញ្ចប់ការព្រឹកមិញនេះវិញ មានការបំប៉ោងសំណាញ់ទីគ្នាដល់ទៅ៧គ្រាប់។ ក្រុមជើងឯកអាស៊ី សាម៉ូរ៉ៃខៀវជប៉ុន ដែលត្រូវការជ័យជម្នះជាចាំបាច់ដើម្បីបន្តឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ បានបើកការនាំមុខអ៊ីតាលី២គ្រាប់មុន ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Keisuke Honda និងការស៊ុតរបស់ Shinji Kagawa នៅនាទី២១ និង៣៣។ យ៉ាងណាក្ដី ក្រុមជើងឯករងទ្វីបអឺរ៉ុប បានសងបីគ្រាប់វិញ ដោយការតែតរបស់ Daniele De Rossi, ការធ្វើឲ្យចូលទីខ្លួនឯងនៃកីឡាករជប៉ុន Atsuto Uchida និងការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Mario Balotelli។
Balotelli អបអរក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទី
Shinji Okazaki បានជួយឲ្យជប៉ុនតាមស្មើ ៣-៣ នៅនាទី៦៩ ប៉ុន្តែក្រុមនេះមិនអាចរក្សាលទ្ធផលស្មើ ឬរកគ្រាប់ជ័យជម្នះបាននោះទេ ដោយត្រូវអ៊ីតាលី បន្ថែមគ្រាប់ទី៤ ផ្ដាច់ក្ដីសង្ឃឹមរបស់ខ្លួន នៅ៤នាទីមុនចប់ការប្រកួត។
ក្រុមទាំង៤ក្នុងពូល A នឹងត្រូវប្រកួតបញ្ចប់ពូលនៅថ្ងៃទី២២ ខែមិថុនាខាងមុខនេះ ដោយជប៉ុន និងត្រូវប្រកួតបង្រ្គប់កិច្ចជាមួយម៉ិកស៊ីកូ ខណៈប្រេស៊ីល និងអ៊ីតាលីត្រូវប៉ះគ្នាដណ្ដើមលេខ១ក្នុងពូល។ នៅយប់នេះ ក្នុងពូល B ក៏មាន២ប្រកួតដែរ ដោយអេស្ប៉ាញ ត្រូវប៉ះតាហ៊ីទី ម៉ោង២:០០រំលងអាធ្រាត្រ និងនីហ្សេរីយ៉ា ជួបអ៊ុយរុយហ្គាយ ម៉ោង៥ទៀបភ្លឺ។
0 comments:
New comments are not allowed.