TwitterFacebookGoogle PlusLinkedInRSS FeedEmail

អូស្ត្រាលី​ជួយ​​ផ្សព្វផ្សាយ​​​សម្រស់​​ថ្ងៃ​អស្តង្គត​នៅ​តំបន់​អង្គរ​តាម​អ៊ីនធឺណិត

រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ដៃ​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត​​​​​អភិរក្ស​​​តំបន់អង្គរ​​ដែល​​​ជា​​​សម្បត្តិ​បេតិកភណ្ឌ​​​ពិភពលោក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ​នេះ​បើ​យោង​តាម​​ការ​​ចុះ​ផ្សាយ​​របស់​ស្ថានទូត​អូស្ត្រាលី​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
​ជា​ផ្នែក​​មួយ​នៃ​គម្រោង​មេ​ដើម្បី​​ទប់ស្កាត់​ការ​​បំផ្លិចបំផ្លាញ​​ប្រាសាទ​ គេហទំព័រ​ដែល​ទើប​បើក​ដំណើរការ​ថ្មីៗ​ឈ្មោះAngkor Sunset Finder ​នឹង​ជួយ​ណែនាំ​ព័ត៌មាន​ដល់​ភ្ញៀវ​ទេសចរ​ថា ​កន្លែង​ណាមួយ​​នៃ​តំបន់​​អង្គរ​ដែល​មាន​ទំហំ ៤០០​គីឡូម៉ែត្រ​ការ៉េ​ អាច​ទស្សនា​ថ្ងៃលិច​ស្អាត​បំផុត។ ​​
គេហទំព័រ​​ថ្មី​អនុញ្ញាត​ឲ្យ​អ្នក​ចូល​មើល​​ជ្រើសរើស​លក្ខខណ្ឌ​ដែល​ខ្លួន​ចូលចិត្ត​ដូចជា​ បរិយាកាស ​ចម្ងាយ​ពី​ខ្លោង​ទ្វា​ ​ចំនួន​មនុស្ស​ជាដើម​ ក្រោយ​មក​ចុច​ពាក្យ Search ​​គេហទំព័រ​នឹង​ណែនាំ​​កន្លែង​ដ៏​សក្ដិសម​បំផុត​​ដែល​ជា​ជម្រើស​​ថត​រូប​ថ្ងៃ​​​​​អស្តង្គត​​ស្អាត​បំផុត​ចំនួន ៣៤ ​ជុំវិញ​តំបន់​អង្គរ
​គេហទំព័រ​ Angkor Sunset Finder ​​ជា​ផ្នែក​មួយ​​ក្រប​ខណ្ឌ​គម្រោង​​គ្រប់គ្រង​​បេតិកភណ្ឌ​​ដែល​​ផ្ដល់​ជំនួយ​​ដោយ​អូស្ត្រាលី “​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ទេសចរ​ ការ​ប្រឈម​ថ្មី​នៃ​បរិស្ថាន និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​សហគមន៍​ជិត​តំបន់​អង្គរ”។ ​នេះ​ជា​ការ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា។​​​​
​​​កសាង​ចន្លោះ​ពី​សតវត្ស​ទី​ ៩ ​ដល់​ទី ១៤ ​​ប្រាសាទ​អង្គរ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ និង​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​ដែល​​ទាក់​ទាញ​អ្នក​ទេសចរ​ប្រហែល ២ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។ អង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ចំណោម​បេតិកភណ្ឌ​ល្បីៗ​ជុំវិញ​ពិភពលោក​ដែល​ចុះ​បញ្ជី​ដោយ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ UNESCO៕

source : sabay