ភ្នំពេញៈ នាពេលឆាប់ៗខាងមុខ ប្រជាជននៅគ្រប់ទិសទីនឹងអាចទស្សនាទិដ្ឋភាពពិតៗនៅតាមដង ផ្លូវសាធារណៈនៅកម្ពុជា រួមទាំងតំបន់អង្គរផងតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីក្រុមហ៊ុន Google កាលពីម្សិលមិញចាប់ផ្តើមអនុវត្តសេវាបង្ហាញរូបភាពក្នុងប្រព័ន្ធផែនទី Google Map នៅកម្ពុជា។
សេវាមើលរូបភាពតាមដង ផ្លូវតាមអ៊ីនធឺណិតរបស់ Google គឺជាកម្មវិធី មានប្រជាប្រិយភាពយ៉ាងខ្លាំងបាននឹងកំពុងអនុវត្តនៅតាមប្រទេស ចំនួន៥០ រួចទៅហើយ ហើយកម្ពុជាជាប្រទេសទី៥១។ ក្នុងតំបន់អាស៊ានកម្ពុជា ជាប្រទេសទីប្រាំ ខណៈសេវារបស់ Google មួយនេះមានរួចទៅហើយនៅក្នុង ប្រទេសសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី។
ជាមួយគ្នានេះ មន្រ្តីពីស្ថាប័នពាក់ព័ន្ធក្នុងវិស័យទេសចរណ៍បាន បង្ហាញក្តីរំពឹងថា បច្ចេកវិទ្យាថ្មីរបស់ Google នេះនឹងរួមចំណែកបង្កើនការយល់ដឹងដល់ភ្ញៀវទេសចរឲ្យកាន់តែ ចាប់អារម្មណ៍កម្ពុជា និងធ្វើឲ្យប្រទេសនេះកាន់តែមានភាពទាក់ទាញខ្លាំងឡើង។
លោក ប៉ាក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា គម្រោងថ្មីរបស់ក្រុមហ៊ុន Google គឺជាការរួមចំណែកដ៏សំខាន់មួយទៀតដើម្បីជួយផ្សព្វផ្សាយពីទីតាំងទាក់ទាញជាច្រើន ទៅដល់ប្រជាជន ក្នុងនោះរួមទាំងភ្ញៀវទេសចរ ដែលមានសក្តានុពលផងដែរ។
លោកបានអះអាងថា៖ «នៅពេលដែលរូបភាព និង ទិដ្ឋភាពពិតៗត្រូវបានបង្ហោះតាមអ៊ីនធឺណិត ប្រជាជនជាច្រើននឹងកាន់តែងាយស្រួលក្នុងការស្វែងយល់ពីសក្តានុពលទេសចរណ៍របស់កម្ពុជា។ បន្ទាប់ពីឃើញរូបភាពហើយ ពួកគេអាចនឹងស្រមៃចង់ឃើញជាក់ស្តែង ដូច្នេះពួកគេនឹងចូលមកផ្ទាល់»។
ក្រុមហ៊ុន Google មិនទាន់បញ្ជាក់ច្បាស់ថារូបភាពទាំងនោះនឹងអាចមើលតាមអ៊ីនធឺណិតបាននៅពេលណានៅឡើយនោះទេ តែគ្រាន់តែប្រាប់ថា នឹងដំណើរការនាពេលឆាប់ៗ ព្រោះពេលនេះក្រុមហ៊ុនកំពុងប្រមូលរូបភាពនៅឡើយ។ រថយន្តដែលមានភ្ជាប់ជាមួយម៉ាស៊ីនថតដ៏ពិសេស ដែលអាចផ្តិតយករូបភាពតាមដងផ្លូវ បានច្បាស់ ហើយអាចមើលរូបភាពបានក្នុងកម្រិត ៣៦០ ដឺក្រេ បានផ្តើមធ្វើចរាចរណ៍ប្រមូលរូបភាពកាលពីម្សិលមិញ។
ជំហាន បឋម ក្រុមហ៊ុនចាប់ផ្តើមផ្តិតយកទស្សនីយភាពក្នុងទីក្រុងភ្នំពេញ និង តំបន់អង្គរ បន្ទាប់មកនឹងបន្តប្រមូលយករូបភាពតាមបណ្តាខេត្តនានានៅកម្ពុជា។
តំណាងក្រុមហ៊ុនមិនបានប្រាប់ចំនួនជាក់ស្តែងនៃទំហំវិនិយោគលើគម្រោងនេះឡើយ តែគ្រាន់តែប្រាប់ថា វាត្រូវការចំណាយថវិកាច្រើន និងធនធានមនុស្សច្រើនផងដែរ។ ក្រុមហ៊ុន Google ក៏បានទទួលសិទ្ធិពីអាជ្ញាធរអប្សារា ដែលគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានអង្គរផងដែរ។
លោក យិត ច័ន្ទដារដ្ឋ តំណាងអាជ្ញាធរអប្សរា បានឲ្យដឹងថា តាមពិតទៅនៅក្នុងតំបន់អង្គរកម្រនឹងមានការអនុញ្ញាតឲ្យថតយករូបភាពដោយងាយស្រួល ឬ ក្នុងរយៈពេលវែងណាស់ ប៉ុន្តែដោយយល់ថា គម្រោងរបស់ Google មានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ កម្ពុជា ខាងអាជ្ញាធរអប្សារាក៏អនុញ្ញាតឲ្យ Google ផ្តិតយករូបភាពរយៈពេល ៦ ខែ គឺពីខែ សីហា ដល់ ខែមីនា ឆ្នាំក្រោយ។
លោកបន្តថា៖ «នេះជារយៈពេលវែងជាងគេមិនធ្លាប់មានដែលយើងអនុញ្ញាតឲ្យមានការថតយករូបភាពនៅតំបន់អង្គរ។ រូបភាពបង្ហាញផ្លូវនេះនឹងជួយទាក់ទាញចំណាប់អារម្មណ៍ពីមនុស្ស គ្រប់រូបឲ្យបានស្គាល់កាន់តែច្បាស់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា»។
ដើម្បី ចៀសវាងបញ្ហាទាក់ទងការបង្ហាញពីជីវិតឯកជនរបស់មនុស្សគ្រប់រូប ក្រុមហ៊ុន Google បានរក្សាសិទ្ធិមិនបង្ហាញមុខមនុស្ស ស្លាករថយន្ត ឬ ចំណុចផ្សេងទៀតដែលទាក់ទងនឹងជីវិតឯកជនឃើញច្បាស់ទេ។ លើសពីនេះ ក្រុមហ៊ុនក៏រក្សានូវការទទួលខុសត្រូវរបស់ខ្លួន ប្រសិនបើមានសំណើពីសាធារណជនក្នុងការបំបាំងរូបភាពបន្ថែមទៀត ដែលពួកគេបារម្ភថា អាចប៉ះពាល់ដល់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ។
លោក Divon Lan ប្រធានគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Google មានប្រសាសន៍ថា សេវាបង្ហាញរូបភាពរបស់ Google នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីជាច្រើននៅកម្ពុជាដូចជា ម្ចាស់អាជីវកម្ម ក្រុមហ៊ុនឯកជន និង ស្ថាប័នរដ្ឋាភិបាលដែលទាក់ទងវិស័យទេសចរណ៍ជាដើម។
លោកអះអាងថា៖ «កម្ពុជាជាប្រទេសដែលភាពល្បីល្បាញ និងជាទិសដៅសម្រាប់ទេសចរណ៍ដ៏មានប្រជាប្រិយមួយរួចទៅហើយ។ ទោះយ៉ាងណាក៏ដោយ យើងរំពឹងថា សេវាបង្ហាញរូបភាពតាមផ្លូវនេះ នឹងរួមចំណែកបង្កើនទេសចរថែមទៀតមកកម្ពុជា»៕
Source : postkhmer