សៀមរាប ជាដែនល្បីល្បាញខាង ទេសចរណ៍វប្បធម៌ ព្រោះមានប្រាសាទបុរាណឆ្លាក់ភ្ជាប់ដោយចម្លាក់ប្រណីតៗជាច្រើនស្ទើរតែរាប់មិនអស់ ជាពិសេសប្រាសាទអង្គរវត្តដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបន្តបន្ទាប់គ្នាមិនចេះអស់។
ទោះយ៉ាងណា មនុស្សមួយភាគធំប្រហែលជាមិនស្គាល់ ឬភ្លេចពី រមណីយដ្ឋានមួយទៀត ដែលមានអាយុកាលប្រមាណជាមួយពាន់ឆ្នាំ ដោយលាក់បំបាំងកាយកណ្ដាលព្រៃព្រឹក្សា ដ៏ខៀវស្រងាត់ត្រជាក់ស្រេប គឺរមណីយដ្ឋានក្បាលស្ពាន ឬជ្រលងលិង្គ មួយពាន់។
ចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប និងស្ថិតនៅភាគនិរតី នៃជើងភ្នំគូលែនដ៏ពិសិដ្ឋ អ្នកអាចធ្វើដំណើរដល់រមណីយដ្ឋានក្បាលស្ពាន ដោយឆ្លងកាត់ប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញចម្លាក់ល្អឯកគ្មានពីរ និងភូមិព្រះដាក់ ល្បីល្បាញខាងនំបញ្ចុកឆ្ងាញ់ជាមួយនឹងអន្លក់ស្រស់ៗ និងស្ករផែនត្នោតខ្ចប់ស្លឹកត្នោតក្រអូបឈ្ងុយឈ្ងប់តាមដងផ្លូវទៅកាន់រមណីយដ្ឋាន។
គ្រាន់តែវាយជន្ទល់ម៉ូតូចត ឬចុះពីរថយន្តចាប់ផ្ដើមដើរចូលក្នុងព្រៃព្រឹក្សាឆ្ពោះទៅកាន់ក្បាលស្ពានភ្លាម អ្នកទេសចរទាំងពួងនឹងទទួលអារម្មណ៍ថា ត្រេកត្រអាលស្រស់ស្រាយមួយរំពេច ដោយសារតែបរិយាកាសត្រជាក់រំលេចដោយពន្លឺថ្ងៃផ្លេកៗជ្រែកតាមស្លឹកឈើបៃតងស្រងាត់ គួបផ្សំសំឡេងបក្សាបក្សីសាសងទ្រហឹងអឺងកងកណ្ដាលព្រឹក្សា។
មិនយូរប៉ុន្មាន (ចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រ) អ្នកទេសចរនឹងទៅដល់រមណីយដ្ឋានក្បាលស្ពាន ដែលមានទឹកត្រជាក់ថ្លាឆ្វង់ឃើញបាតក្រាលដោយចម្លាក់ថ្ម គឺចម្លាក់លិង្គមួយពាន់របស់ព្រះឥសូរ អមដោយចម្លាក់តាមច្រាំងស្ទឹងបណ្ដោយប្រមាណជា ២០០ ម៉ែត្រ។ លិង្គ១០០០ មានទីតាំងនៅលើខ្នងភ្នំតាមបណ្ដោយទឹកស្ទឹងសៀមរាប។ ចំលាក់នេះមានរូបយោនី និង លិង្គ ជាច្រើននៅពាសពេញផ្ទៃបាតស្ទឹង ដែលមានទឹកហូរកាត់ខួបប្រាំង ខួបវស្សា។
នៅដងស្ទឹង មានវល្លិធំៗបត់ជារាងទោងអាចអង្គុយលេងបាន។ បរិយាកាសទីនោះអំណោយផលដល់ទេសចរអាចអង្គុយលើកន្ទេលស្លឹកទទួលទានអាហារលក្ខណៈគ្រួសារ-មិត្តភ័ក្ដិយ៉ាងរីករាយដោយមានសំឡេងទឹកអូរ និងបក្សាបក្សីកំដរអារម្មណ៍។
ក្បាលស្ពានមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និងជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទសុរិយ្យវរ្ម័នទី១ និងស្ថាបនារួចជាស្ថាពរដោយព្រះបាទឧយាទិត្យវរ្ម័នទី២ (Udayadityavarman II)។ ទឹកហូរចេញពីស្ទឹងក្បាលស្ពាន បែកចូលស្ទឹងពួក និងស្ទឹងសៀមរាប។
ក្បាលស្ពាន ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីក្រុងសៀមរាប ប្រហែលជា១៨ គ.ម ពីប្រាសាទបន្ទាយស្រី។ ទីកន្លែងនេះ ត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ១៩៦៩ ដោយអ្នកស្រាវជ្រាវបារាំងតាមការនាំផ្លូវរបស់តាបសនៅទីនោះ។ នៅទីនេះមានលិង្គ១០០០ ដែលឆ្លាក់ថ្មនៅបាតស្ទឹង និងមានចម្លាក់ដ៏ល្អផ្សេងទៀតជាច្រើន៕
Source : sabay