ខ្សែប្រយុទ្ធ Andy Carroll បានបំពេញគ្រប់លក្ខខណ្ឌដើម្បីក្លាយជាកីឡាកររបស់ក្លិប West Ham ផ្លូវការ ក្នុងតម្លៃប្រហែល១៥,៥លានផោនបូកជាមួយលក្ខខណ្ឌបន្ថែម២លានផោនទៀតដែលជាការចាយលុយឯតទគ្គកម្មរបស់ក្លិបនៃរាជធានីឡុងដុងមួយនេះ។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះចុះកិច្ចសន្យារយៈពេល៦ឆ្នាំនៅ Upton Park និងទទួលបានអាវលេខ៩នៅក្លិបថ្មីនេះ បន្ទាប់ពីធ្វើតេស្តពិនិត្យសុខភាពដោយជោគជ័យរួចមក។ អតីតយុវជនរបស់ Newcastle បង្ហាញចំណាប់អារម្មណ៍ថា៖ “វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំដែលបានមកទីនេះ។ រដូវកាលមុន ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយពេលនេះខ្ញុំត្រលប់មកវិញក្នុងនាមជាសមាជិកអចិន្ត្រៃយ៍។ អ្នកគាំទ្រ មិត្តរួមក្រុម និងក្លិប បានទទួលខ្ញុំយ៉ាងកក់ក្ដៅ”។
ក្លិបហង្សក្រហម Liverpool លក់ Carroll ខាតច្រើនមែនទែន ពោលគឺក្នុងខែមករាឆ្នាំ២០១១ ពួកគេទិញខ្សែប្រយុទ្ធមាឌធំម្នាក់នេះពី Newcastle ក្នុងតម្លៃឯតទគ្គកម្មមិនធ្លាប់មានសម្រាប់កីឡាករសញ្ជាតិអង់គ្លេស ៣៥លានផោន។ ក្រោមការបង្វឹករបស់លោក Kenny Dalglish កីឡាករវ័យ២៤ឆ្នាំនេះ លេងឱ្យ Liverpool បាន៥៨លើក ទាត់បញ្ចូលទីបាន១១គ្រាប់ តែតាំងពីលោក Brendan Rodgers ក្លាយជាអ្នកចាត់ការថ្មី ឱកាសលេងរបស់គេត្រូវបានកម្រិត ហើយក៏ត្រូវបញ្ចេញឱ្យ West Ham ខ្ចីជើងពេញមួយរដូវកាល២០១២-១៣៕
Soures : Sabay