TwitterFacebookGoogle PlusLinkedInRSS FeedEmail

អស្ចារ្យ!​​យុវជន​​កម្ពុជាលើ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​


ខែ​នេះ​កាលពី​ឆ្នាំ​ទៅ​ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ឡាំង មេសា ​កំពុង​តែ​សិក្សា​បន្ថែម​ពី​ប្រពៃណី​វប្បធម៌​អាស៊ី​ រាប់​ទាំង​វប្បធម៌​ខ្លួន​ឯង​ផង​ ដើម្បី​ត្រៀម​ទៅ​បង្ហាញ យុវជន អាស៊ាន​ផ្សេង​ទៀត​បាន​ស្គាល់។ ប្រហែល​ជា​បី​ខែ​ក្រោយ​មក​ មេសា​ និង​យុវជន​ខ្មែរ​ផ្សេង​ទៀត​ជិត​៣០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ “នាវា​យុវជន​អាស៊ី​អាគ្មេយ៍”។
វា​ជា​កម្មវិធី​ដែល យុវជន​ក្នុង​ប្រទេស ជាសមាជិក​អាស៊ាន​ប្រាថ្នា​ចង់​ទៅ​ចូល​រួម​បំផុត​ ពី​ព្រោះ​គេ​មិន​ត្រឹម​តែ​អាច​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​​អាច​ចូល​រួម​ក្នុង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត។
យុវជន​ ឡាំង មេសា
មេសា​ បាន​ទៅ​ជួប​យុវជន​ជប៉ុន​ និង​​យុវជន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​៩​ផ្សេង​ទៀត​ ដើម្បី​ឡើង​កប៉ាល់​ដ៏​ធំ​មួយ​ ធ្វើ​ដំណើរ​មក​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែល​មាន​រយៈពេល​ជិត​ពីរ​ខែ​ឯណោះ។ យុវជន​ខ្មែរ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​៦​ប្រទេស​ គឺ​មាន​ជប៉ុន​ វៀតណាម​ ថៃ​ ឥណ្តូណេស៊ី​ ស៊ីងហ្គាពួ​ និង​ព្រុយណេ។
តែ​មុន​នឹង​ចាក​ចេញ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ មេសា ​បាន​ហ្វឹក​ហាត់​ត្រៀម​រយៈពេល​បី​ខែ​ ដោយ​រៀន​អំពី​ភាព​ជា​អ្នក​ដឹក​នាំ ​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ពិភាក្សា​លើ​បញ្ហា​អន្តរជាតិ​ សិក្សា​ពី​វប្បធម៌​អាស៊ាន​ ជប៉ុន​ ជា​ពិសេស​របាំ​ និង​ចម្លាក់​បុរាណ​របស់​ខ្មែរ។
មេសា ​លើក​ឡើង​ថា៖ “មុន​នឹង​ទៅ​ចូល​រួម​ ខ្ញុំ​បាន​​សិក្សា​អំពី​របាំ​ និង​វប្បធម៌​ខ្មែរ​ ពី​ព្រោះ​យើង​ត្រូវ​ធ្វើ​បទ​បង្ហាញ​វប្បធម៌​របស់​យើង​ទៅ​កាន់​ពិភព​លោក​ខាង​ក្រៅ។ ​​ខ្ញុំ​មិន​ដែល​ស្រមៃ​ថា​ ខ្ញុំ​នឹង​រៀន​រាំ​របាំ​ប្រពៃណី​ និង​របាំ​បុរាណ​ទៅ​សម្ដែង​លើ​ឆាក​អន្តរ​ជាតិ​បែប​ហ្នឹង​ទេ​ តែ​​អរគុណ​ដែរ​ ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាហាន​ និង​ទុក​ចិត្ត​ខ្លួន​ឯង”។
យុវជន​រូប​នេះ​បញ្ជាក់​បន្ថែម​ថា៖ “កូន​ខ្មែរ​មាន​ការ​អៀន​ខ្មាស់​ និង​មិន​ហ៊ាន​បញ្ចេញ​មិត​ជា​សាធារណៈ​ទេ។ បើ​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ពួក​គេ​នឹង​មាន​ការ​លើក​ទិក​ចិត្ត​ ពី​យុវជន​ដទៃ​ទៀត​ឲ្យ​មាន​ភាព​ក្លាហាន”។
លើស​ពី​ការ​រំពឹង​ទុក​ មេសា​ មិន​ត្រឹម​តែ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ទាក់​ទង​នឹង​ប្រទេស​ជប៉ុន​ និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យុវជន​រូប​នេះ​បាន​ទាំង​បង្កើត​ទំនាក់​ទំនង​ និង​បណ្តាញ​ជា​មួយ​យុវជន​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។
កម្មវិធី “នាវា​យុវជន​អាស៊ី​អាគ្នេយ៍”​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៤​ ក្រោម​ការ​សហការណ៍​គ្នា​រវាង​ប្រទេស​ជប៉ុន​ និង​ប្រទេស​ឥណ្តូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ស៊ីងហ្គាពួ​ និង​ប្រទេស​ថៃ។ ក្រោយ​មក​ ប្រទេស​ដែល​ចូល​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​បន្ត​បន្ទាប់។
ចំណែក​កម្ពុជា​បាន​បញ្ជូន​យុវជន​ខ្លួន​ទៅ​ចូល​រួម​​ក្នុង​​កម្មវិធី​នេះ​នៅ​​ឆ្នាំ​២០០០។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ជ្រើស​រើស​បេក្ខជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​សម្រាប់​ឆ្នាំ​២០១៣​ កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ចេញ​ដោយ​ឯកឧត្តម​ ជ័យ ចាប​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។
កញ្ញា​ លី​ សិរីរតន៍​ អ្នក​ដែល​គ្រោង​ដឹក​នាំ​យុវជន​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ “នាវា​យុវជន​អាស៊ី​អាគ្នេយ៍” ​ឆ្នាំ​២០១៣​នេះ​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ជ្រើស​បាន​យុវជន​១៤​នាក់​ និង​យុវនារី​១៤​នាក់​ហើយ។
នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​ កញ្ញា​នឹង​ដឹក​នាំ​យុវជន​តំណាង​ប្រទេស​កម្ពុជា​ជិះ​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន។ ពួកគេ​នឹង​ជួប​ជុំ​យុវជន​ជប៉ុន និង​យុវជន​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀតនៅ​ទី​នោះ​ ហើយ​ប្រារព្ធ​កម្មវិធី​ផ្សេង​ៗ​រួម​គ្នា​ មុន​នឹង​ឡើង​កប៉ាល​ដ៏​ធំ​មួយ​ ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​​ជា​សមាជិក​អាស៊ាន​ចំនួន​៥។
កញ្ញា​ឲ្យ​ដឹង​ថា​ យុវជន​ទាំង​២៨​នាក់​ដែល​បាន​ជាប់​ ​គឺ​ត្រូវ​បាន​កំណត់​ក្នុង​លក្ខខណ្ឌ​ គឺ​មាន​អាយុ​ចន្លោះ​ពី​១៨​ ដល់​៣០​ឆ្នាំ​ មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​គ្រាន់​បើ​ និង​មាន​ចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​គ្រាន់​បើ​ ដូច្នេះ​យុវជន​ដែល​ចង់​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ “នាវា​យុវជន​អាស៊ី​អាគ្នេយ៍” ​នេះ​នៅ​ឆ្នាំ​ក្រោយ​ គឺ​ត្រូវ​ស្រប​តាម​លក្ខខណ្ឌ​ខាង​លើ៕

source : sabay