ជាទូទៅអ្នកមានសមត្ថភាព និងការជឿជាក់លើខ្លួនឯងរមែងទទួលបានភាពជោគជ័យ។ជាក់ស្តែងយុវជន ខឹម បូរិន អាយុ ២៤ ឆ្នាំបាននិយាយថា សមត្ថភាព និងការជឿជាក់លើខ្លួនឯងពិតជាកត្តាចម្បងមួយនាំឲ្យលោកជាប់អាហារូបករណ៍ និងកំពុងសិក្សានៅប្រទេសជប៉ុន ថ្នាក់អនុបណ្ឌិត ជំនាញកសិកម្ម។
មានស្រុកកំណើតនៅឯភូមិពេជ្រចង្វា ឃុំបឹងត្រាញខាងជើង ស្រុកសំរោងខេត្តតាកែវ បូរិន គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យភូមិន្ទកសិកម្មជំនាញវិទ្យាសាស្ត្រកសិកម្ម និងបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០១៣ កន្លងមកនេះ។
ក្រោមកម្មវិធីអាហារូបករណ៍ផ្ដល់ដោយក្រសួងអប់រំប្រទេសជប៉ុនដែលមានឈ្មោះថា MONBUKAGAKUSHO ឬ MEXT Scholarship 2013 បូរិន បានរៀបរាប់ថា មានកត្តាពីរយ៉ាងដែលនាំឲ្យលោកទទួលបានអាហារូបករណ៍នៅប្រទេសជប៉ុនគឺកត្តា ក្នុងខ្លួន និងកត្តាក្រៅខ្លួន។កត្តាក្នុងខ្លួនគឺ សមត្ថភាព និងការជឿជាក់លើខ្លួនឯង រីឯកត្តាក្រៅខ្លួនវិញគឺការគាំទ្រពីក្រុមគ្រួសារ ពីមនុស្សជាទីស្រលាញ់ និងការផ្ដល់កម្លាំងចិត្តខ្លាំងពីមិត្តភ័ក្ដិ ព្រមទាំងទទួលបានការណែនាំ និងចែករំលែកបទពិសោធន៍ពីអតីតនិស្សិតជយលាភីជំនាន់មុន។
បូរិន បានចែករំលែកបទពិសោធន៍របស់ខ្លួនទៀតថា ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅប្រទេស ជប៉ុន បេក្ខជនអាចទាក់ទងនៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំយុវជន និងកីឡា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងត្រូវចេះភាសាអង់គ្លេសល្អបង្គួរ ព្រោះការសិក្សា និងគ្រប់គម្រោងស្រាវជ្រាវទាំងអស់ត្រូវធ្វើឡើងជាភាសាអង់គ្លេស។
ទោះយ៉ាងណា បូរិន បានរៀបរាប់ពីការលំបាករបស់ខ្លួនខ្លះៗថា កត្តាភាសាគឺជាការលំបាកមួយ ព្រោះរាល់ការប្រាស្រ័យទាក់ទងជាមួយប្រជាជន នៅក្នុងតំបន់ភាគច្រើនពួកគាត់និយមប្រើប្រាស់ភាសាជប៉ុនជាគោល។ការលំបាកទី២ គឺអាកាសធាតុ ខណៈនៅកម្ពុជាមានសីតុណ្ហភាពជាមធ្យម៣៧ ទៅ៣៨ អង្សារ តែសម្រាប់ប្រទេសជប៉ុនវិញមានសីតុណ្ហភាពចន្លោះពី៧ទៅ១០ អង្សារ ដែលពីដំបូងធ្វើឲ្យត្រជាក់ខ្លាំងពិបាកទ្រាំ។ការលំបាកចុងក្រោយគឺម្ហូបអាហារ។ម្ហូបជប៉ុន មានរស់ជាតិខុសប្លែកពីម្ហូបខ្មែរ ដូច្នេះមានការលំបាកបន្តិចពេលមកដល់មួយខែដំបូង។តែមកដល់ឥឡូវ អាចញ៉ាំបានស្ទើរគ្រប់មុខម្ហូបទៅហើយ៕
Source : sabay