ក្នុងវ័យ ២៦ ឆ្នាំ យុវជន តែ រតនៈ បច្ចុប្បន្នគឺជានិស្សិតអាហារូបករណ៍កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេស អេស្តូនី លើមុខជំនាញគ្រប់គ្រងបច្ចេកវិទ្យា និងអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីបញ្ចប់ការសិក្សាអាហារូបករណ៍នៅប្រទេសចិនលើជំនាញគ្រប់គ្រងពាណិជ្ជកម្ម។
រតនៈ បានរំលឹកថា ដើមឡើយរូបគេធ្លាប់ជាអតីតសិស្សមួយរូបងប់ងុលនឹងកីឡាបាត់ទាត់ បាល់ទះ គេចសាលារហូតចំណាយពេលស្ទើរទាំងស្រុងពីការសិក្សាដើម្បីលេងកីឡា។ ដូច្នេះតើកត្តាអ្វី ដែលធ្វើឲ្យយុវជនរូបនេះផ្លាស់ប្ដូរ ហើយក្លាយខ្លួនជានិស្សិតឆ្នើមបែបនេះទៅវិញ?។
មានស្រុកកំណើត នៅភូមិវត្ត ឃុំវត្ត ស្រុកចិត្របុរី ខេត្តក្រចេះ រតនៈគឺជាកូនច្បងគេ ក្នុងចំណោមបងប្អូនចំនួន៤ នាក់ ដែលឪពុកម្ដាយគឺជាអាជីវករលក់ដូរបន្តិចបន្តួចនៅផ្ទះ។
អំឡុងឆ្នាំ២០០២ ក្រោយបញ្ចប់អនុវិទ្យាល័យក្រចេះក្រុង រតនៈបានចូលសិក្សានៅវិទ្យាល័យព្រះកុសុមៈ ដោយបានចំណាយពេលវេលាជាច្រើននឹងការលេងកីឡាបាល់ ទាត់ និងបាល់ទះ ភ្លេចការសិក្សា។
រតនៈ បានរៀបរាប់បន្តថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៥ បានមកដល់ ជាថ្ងៃប្រលងថ្នាក់ជាតិ រូបគេក៏ដូចជាសិស្សផេ្សងៗទៀតដែរ បានខិតខំប្រលងយ៉ាងសស្រាក់សស្រាំ ប៉ុន្តែលទ្ធចេញមកធ្វើឲ្យប្អូនអស់សង្ឃឹមយ៉ាងខ្លាំង នោះមិនមែនមានន័យថាប្អូន ប្រលងធ្លាក់ទេ តែលទ្ធផល ដែលបានត្រឹមនិទ្ទេស D នេះ ធ្វើឲ្យ រតនៈ កាន់តែខ្មាសគេខ្លាំងទៅវិញ ដោយសារតែមិត្តភ័ក្ដិជាច្រើនបាននិទ្ទេសល្អ។ រតនៈ និយាយថា”និទ្ទេសនេះ ខ្ញុំមិនបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យណាមួយឡើយ រួចខ្ញុំក៏បានសួរខ្លួនឯងថា គួរធ្វើអ្វីបន្ត?”។
រតនៈ បានសម្រេចចិត្តមកទីក្រុងភ្នំពេញ ហើយចុះឈ្មោះចូលរៀនបង់ថ្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ តាមការណែនាំពីសំណាក់បងប្អូន និងមិត្តភ័ក្ដិមួយចំនួន ។” ឆ្នាំ២០០៩ ប្អូនក៏បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ប៉ុន្តែពិន្ទុមធ្យមភាគគឺទាបមែនទែន(GPA <3.0)។ វាគឺជាបរាជ័យលើកទី២ បន្ទាប់ពីការប្រលងបាក់ឌុប ។រតនៈ បន្ថែម។ តែអាចចាត់ទុកថាជាសំណាងរបស់ខ្លួន រតនៈ បានរៀនភាសាអង់គ្លេសមួយរយៈ នៅវិទ្យាស្ថានភាសាបរទេស(IFL) ក្រោយមកក៏បានសម្ភាសន៍ជាប់ចូលបម្រើការងារនៅធនាគារANZ Royal Bank ។ ធ្វើការងារនៅទីនោះ រតនៈ បានស្គាល់មនុស្សជាច្រើនរួមមាន មិត្តរូមការងារ អ្នកគ្រប់គ្រងតាមផ្នែកនិមួយៗ និងបានរៀនសូត្រពីរបៀបធ្វើការងារពីបុគ្គលិកមួយចំនួន។
ពេលនោះហើយ ដែលរតនៈចាប់ផ្ដើមមានចំណង់ចំណូលចិត្ត ផ្នែកជំនួញ និងគ្រប់គ្រងធនធានមនុស្ស ហើយគិតថា តើត្រូវប្តូរមុខជំនាញពីកុំព្យូទ័រជាគ្រប់គ្រង ដោយវិធីណា?”។ ពេល នោះគំនិតមួយបាន ផុសឡើង គឺមានតែដាក់អាហារូបករណ៍ទៅបរទេសទេ ទើបអាចសម្រេចការស្រម៉ៃនេះបាន។ ប៉ុន្តែទន្ទឹមនឹងនោះ រតនៈក៏សួរខ្លួនថា តើទៅ ដោយរបៀបណា បើខ្លួនមិនមែនជាសិស្សពូកែផង?
នេះគឺជាការសុបិនទាំងថ្ងៃ ព្រោះវាជារឿងមួយលំបាកណាស់ ក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ។ អាហារូបករណ៍នៅក្នុងស្រុកខ្លួនមិនជាប់ផង ចុះទម្រាំបរទេសទៀត ពិតជាការស្រមើស្រ ម៉ៃពេកហើយ រតនៈ អើយ។
រតនៈ បានបញ្ជាក់ថា ជាទូទៅអាហារូបករណ៍មានពីរប្រភេទ ប្រភេទទី១ គឺអាហារូបករណ៍ តាមអ៊ីនធឺណិត(Online Scholarship) ដែលតម្រូវឲ្យបេក្ខជនផ្ញើសំណុំបែបបទទៅអ្នកផ្ដល់អាហារូបករណ៍ ។សំណុំបែបបទ អាហារូបករណ៍ ដែលត្រូវផ្ញើទៅរួមមាន សញ្ញាប័ត្របញ្ចប់ការសិក្សា(Diploma) ព្រឹត្តិបត្រពិន្ទុខ្ពស់(Transcript: GPA>3.5)លិខិតណែនាំពីសាស្ត្រាចារ្យ(Letter of recommendation ) ថ្លៃដាក់ពាក្យ(Application Fee)ពិន្ទុអង់គ្លេស(Official English Score:TOEFLE/IELTs) លិខិតបញ្ជាក់ពីការប្ដេជ្ញាចិត្ត (Letter of Motivation) គម្រោង ដែលត្រូវទៅធ្វើការស្រាវជ្រាវ(Research Proposal)ជាដើម។
រតនៈ និយាយថា ចំណុចទាំងអស់នេះបើក្រឡេកមើលពីសមត្ថភាពរបស់ខ្លួន គឺពិតជាមិនអាចទៅរួចទាល់តែសោះ ព្រោះព្រឹត្តិបត្រពិន្ទុទាបមែនទែន(GPA<3) ហើយពិន្ទុភាសាអង់គ្លេសទៀតសោត(TOEFLE/IELTs)ក៏មិនទាន់មាន ព្រោះគ្មានប្រាក់ទៅប្រលង ដែលត្រូវចំណាយប្រហែល១៧០ដុល្លារ។
ប៉ុន្តែកត្តាឧបសគ្គខាងលើមិនបានធ្វើឲ្យ រតនៈ អស់សង្ឃឹមទេ ព្រោះអាហារូបករណ៍ប្រភេទទី២ មិនតម្រូវឲ្យផ្ញើរសំណុំបែបបទទាំងនោះទេ។ ជាដំបូងត្រូវទៅទិញពាក្យប្រលងនៅនាយកដ្ឋានអាហារូបករណ៍ ហើយដាក់ពាក្យជាមួយ និងសញ្ញាប័ត្របញ្ចប់ការសិក្សា រួចរង់ចាំថ្ងៃប្រលង ដែលរៀបចំ ដោយក្រសួងអប់រំយុវជន និងកីឡា។
រតនៈ បានរៀបរាប់ទៀតថា “ខ្ញុំរៀនមិនពូកែតាំងពីថ្នាក់វិទ្យាល័យ រហូតមកដល់មហាវិទ្យាល័យ ប៉ុន្តែដោយសារតែចង់បានអាហារូបករណ៍ទៅរៀននៅបរទេស មុនពេលប្រលងប្រហែលជា៣ ខែខ្ញុំបានចាប់ផ្ដើមមើលសៀវភៅទាក់ទងនឹងចំណេះដឹងទូទៅ ប្រឹងរៀនភាសាអង់គ្លេស ទាំងការនិយាយ និងសរសេរ។មិនតែប៉ុណ្ណោះខ្ញុំបានសុំការណែនាំពីមិត្តភ័ក្ដិ អ្នកគ្រូលោកគ្រូ ដែលមានបទពិសោធន៍ ក៏ដូចជារស់នៅបរទេស ដើម្បីត្រៀមខ្លួនឲ្យបានល្អ”។ រតនៈ និយាយថា សម្រាប់ភាសាអង់គ្លេសមិនសូវចោទជាញ្ហាប៉ុន្មានទេ គួបផ្សំនឹងការសិក្សានៅវិទ្យាស្ថានភាសាបរទេសបានខ្លះ ព្រោះឪពុកម្ដាយប្អូនបានជំរុញតាំងពីនៅខេត្តមកម្ល៉េះ ។
ថ្ងៃប្រកាសលទ្ធផលបានមកដល់គឺជាអ្វី ដែល រតនៈ ស្ទើរមិនជឿថាបានប្រលងជាប់លេខ២ ក្នុងចំណោមបេក្ខជន១៥ នាក់ ដែលត្រូវបានជ្រើសរើស។ ក្រោយពីបានសម្ភាសន៍ជាមួយមន្ត្រីទូតចិន រតនៈ ក៏បានជាប់ជាស្ថាពរ។
នៅចុងខែសីហា ឆ្នាំ២០១០ រតនៈ បានចេញទៅបន្តការសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិន នៅ University of Science and Technology Beijing ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ ពេលទៅដល់ប្រទេសចិនដំបូង មានការលំបាកជាខ្លាំង ព្រោះនៅប្រទេសចិនកម្រនិយាយភាសាអង់គ្លេសណាស់ ឯអាកាសធាតុវិញត្រជាក់ក្រោមសូន្យអង្សា ធ្លាក់ទឹកកក ហើយបើអាហារវិញក៏ពិបាកញ៉ាំទៀត។ ទោះយ៉ាងណាប្រាក់អាហារូបករណ៍គឺគ្រប់គ្រាន់សម្រាប់ការរស់នៅយ៉ាងសមរម្យ គឺ១៧០០ យន់ ក្នុងមួយខែ។
រតនៈ និយាយថា “មិនយូរប៉ុន្មាន ខ្ញុំក៏អាចសម្របខ្លួនបាន ហើយមានទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ និងមិត្តរូមថ្នាក់ ដែលមកពីគ្រប់ទិសទី ក្នុងសាកលលោក ទន្ទឹមគ្នានោះការសិក្សាក៏មានការវិវឌ្ឍគួរឲ្យកត់សំគាល់ រហូតទទួលបានរង្វាន់ដូចជា Excellent International Student Award, Excellent Article Publication, Excellent Thesis Presentation ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម(MBA) នៅខែកក្កដាឆ្នាំ២០១២”។ រតនៈ បន្ថែមថា “ជាមួយនឹងភាពជោគជ័យនេះ រង្វាន់ ដែលខ្ញុំទទួលបាន និងព្រឹត្តិបត្រពិន្ទុល្អ(GPA=3.8 ខ្ញុំក៏កាន់តែមានទំនុកចិត្តកាន់តែខ្លាំង ហើយចង់ដឹងថាការអប់រំនៅអឺរ៉ុប ខុសប្លែកពីប្រទេសនៅអាស៊ីប៉ុណ្ណា ខ្ញុំក៏បានដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍អនុបណ្ឌិតមួយទៀតតាមរយៈអ៊ីនធឺណិត ដែលផ្ដល់ដោយ Ragar Nurkse School of Innovation and Governance នៃ Tallinn University of Technology នៅប្រទេសអេស្តូនី(អឺរ៉ុបខាងជើង) ដែលស្ថិតនៅសហភាពអឺរ៉ុប”។
ការដាក់ពាក្យតម្រូវឲ្យមានពិន្ទុអង់គ្លេស (TOEFLE/IELTs)។ ប៉ុន្តែដោយសារតែការសិក្សានៅប្រទេសចិន ធ្វើឡើងជាភាសាអង់គ្លេសសុទ្ធ ទើបគណៈកម្មការលើកលែងសម្រាប់តម្រូវការនោះ។ប្អូនបានផ្ញើសំណុំបែបបទទៅប្រទេសអេស្តូនី និងឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការអាហារូបករណ៍ រតនៈ គឹជាបេក្ខ ជនតែម្នាក់គត់ ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអនុបណ្ឌិតគ្រប់គ្រងបច្ចេកវិជ្ជា និងសេដ្ឋកិច្ចអភិវឌ្ឍន៍(Technology Governance Innovation and Development Economics) ក្នុងចំណោមបេក្ខជនជាច្រើនរយនាក់ទូទាំងពិភពលោក។ប្រាក់អាហារូបករណ៍ប្រហែល ១០០០០ ដុល្លារ ក្នុងមួយឆ្នាំ ហើយចំនួននេះក៏គ្រប់គ្រាន់សម្រាប់ការចំណាយផ្សេងៗប្រចាំថ្ងៃ ហើយចំពោះផលលំបាកវិញមិនខុសពីប្រទេសចិនទេ ប៉ុន្តែស្រួលបន្តិចត្រង់ថាប្រជាជនគេនិយាយភាសាអង់គ្លេស។ផលលំបាកមួយទៀតគឺ ប្អូនជានិស្សិតខ្មែរតែម្នាក់គត់ នៅទីនេះ ដែលធ្វើឲ្យតប់ប្រមល់ពេលខ្លះ មិនដូចនៅប្រទេសចិន ដែលមានមិត្តភ័ក្ដិខ្មែរច្រើន។
សិក្សានៅប្រទេសអេស្តូនី រតនៈ ទទួលបានពិន្ទុល្អ(GPA>3.7)ហើយក៏អាចមានឱកាសដាក់អាហារូបករណ៍ (Erasmus scholarship) បន្ទាប់ពី សម្ភាសជាមួយគណៈកម្មការជ្រើសរើស រតនៈ ក៏បានជាប់អាហារូបករណ៍សិក្សានៅ Ruhr University Bochum ប្រទេសអាល្លឺម៉ង់ ដែលនឹងត្រូវចាកចេញទៅសិក្សានៅខែ តុលា ឆ្នាំ ២០១៣ ខាងមុខ។
គោលបំណងទៅថ្ងៃអនាគត ក្រោយបញ្ចប់ការសិក្សា រតនៈ ចង់ក្លាយជាសាស្ត្រាចារ្យម្នាក់ ដោយអាចចែករំលែកបទពិសោធន៍ ដែលខ្លួនបានឆ្លងកាត់ កន្លងមកឲ្យប្អូនៗជំនាន់ក្រោយបានចេះដឹង និងមើលឃើញបានវែងឆ្ងាយ។ ក្រៅពីនេះក៏ចង់ចូលធ្វើការងារនៅតាមស្ថាប័នក៏ដូចជាអង្គការ ដែលមានគោលដៅលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍ ក្នុងប្រទេសកម្ពុជាផងដែរ។ រតនៈ និយាយទៀតថា “អ្វីដែលខ្ញុំចង់ចែករំលែកមួយទៀតនោះគឺ ទោះបីជាខ្ញុំធ្លាប់ជាសិស្សរៀនខ្សោយ តាំងពីថ្នាក់ក្រោយរហូតដល់មហាវិទ្យាល័យ ក៏យើងអាចវិវត្តន៍ខ្លួនយើង ហើយនិងទទួលបានអាហារូបករណ៍ ទៅសិក្សានៅបរទេសបានដែរ តាមរយៈការតាំងចិត្ត និងការស្រ ម៉ៃ ការរស់នៅជាមួយក្តីសង្ឃឹមជានិច្ចទោះជារស់នៅស្ថិត ក្នុងកាលៈទេសៈណាក៏ដោយ”។
ម្យ៉ាងយើងត្រូវស្វែងយល់ពី សមត្ថភាព ភាពខ្លាំង និងភាពខ្សោយរបស់យើង ហើយកំណត់ថាអាហារូបករណ៍ប្រភេទណាសក្ដិសម នឹងខ្លួនយើង។បន្ទាប់មកយើងស្វែងយល់ពីមធ្យោបាយ ក្នុងការប្រលងក៏ដូចជាដាក់ពាក្យប្រលង។ ជាក់ស្ដែងនិស្សិតខ្លះគាត់រៀនមិនពូកែ ប៉ុន្តែគាត់ចង់ទៅអឺរ៉ុប អាមេរិក អូស្ត្រាលី ។ វាពិតជារឿងលំបាកណាស់ ។ប៉ុន្តែគាត់អាចធ្វើបាន ដោយការអភិវឌ្ឍន៍ ខ្លួនបន្តិចម្ដង តាមរយៈការសិក្សានៅប្រទេសជិតខាង ដែលមានការប្រកួតប្រជែងមានលក្ខណៈធូរស្រាលជាង។រៀនសូត្រពីអ្នកនៅជុំវិញខ្លួន ដែលធ្លាប់រៀននៅបរទេស ជាកត្តាមួយដ៏សំខាន់ផងដែរ។ខ្ញុំអាចមករៀននៅអឺរ៉ុប និងអាចទទួលបានអាហា រូបករណ៍កន្លង មកដោយមិនមានពិន្ទុអង់គ្លេសផ្លូវការ(TOEFLE/IELTs) ព្រោះខ្ញុំគ្មានប្រាក់សម្រាប់ចំណាយការប្រលង ប៉ុន្តែអ្នកគ្រប់គ្នាក៏អាចធ្វើបាន ដូចខ្ញុំដែរ តាមរយៈបទពិសោធន៍ ដែលខ្ញុំចែករំលែកខាងលើ។
មួយវិញទៀតយើងត្រូវចេះប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook, Twitter ,Linkedin ឲ្យមានប្រយោជន៍ ដើម្បីតាមដានព័ត៌មានអាហារូបករណ៍។ គណៈកម្មការ ដែលបានជ្រើសរើសខ្ញុំមករៀននៅអឺរ៉ុបបានប្រាប់ខ្ញុំថា នេះជាយុគសម័យអ៊ីនធឺណិត ពេលគេជ្រើសរើសនិស្សិតណាម្នាក់ គេតែងតែស្វែងរកព័ត៌មានខ្លះៗ របស់ពួកគេតាមអ៊ីនធឺណិត ហើយច្បាស់ណាស់គេនឹងឃើញគណនេយ្យ Facebook របស់ពួកយើង។ ដូច្នេះការប្រើ ប្រាស់ក៏ដូចជាដាក់រូប Profile Picture or Cover Photos ត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាតំណាងឲ្យអត្តចរិតរបស់មនុស្សម្នាក់ៗ ជៀសវាងដាក់រូបមិនសមរម្យ ផឹកស៊ីតាមក្លឹប ជាដើម ដែលនាំឲ្យយើងបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានអាហារូបករណ៍ និងការងារតាមក្រុមហ៊ុន និងស្ថាប័នផ្សេងៗ”៕
0 comments:
New comments are not allowed.