ពេលនេះរដូវភ្លៀងបានមកដល់ហើយ តើលោកអ្នកបានជ្រាបហើយឬនៅថាត្រូវជៀសវាងការស្លៀកសំលៀកពាក់បែបណាទើបជាការប្រសើរ ដើម្បីការពារខ្លួននៅក្នុងរដូវវស្សានេះ?
ជាការពិតមានប្រិយមិត្តមួយចំនួនពិតជាបានជ្រាបរួចហើយលើបញ្ហានេះ ក៏ប៉ុន្តែជាការរួមចំណែកបន្ថែមSabay សូមផ្ដល់ជួនមិត្តអ្នកអានទាំងអស់ឲ្យស្វែងយល់ពីសំលៀកបំពាក់៥យ៉ាងដែលលោកអ្នកគូរជៀសវាងស្លៀកពាក់នៅក្នុងរដូវភ្លៀងដូចខាងក្រោមនេះ៖
១ ស្បែកជើងផ្ទាត់
ជាទូទៅលោកអ្នកប្រហែលជាធ្លាប់គិតហើយថា ស្បែកជើងផ្ទាត់គឺពិតជាស័ក្ដិសមសម្រាប់រដូវភ្លៀងនេះ ព្រោះវាអាចផ្ដល់ភាពងាយស្រួលនៅពេលធ្វើដំណើរឆ្លងកាត់ទឹក អាចធន់នឹងទឹកភ្លៀងទៀតផង ។ ក៏ប៉ុន្តែលោកអ្នកមានដឹងទេថា នៅពេលដែលជើងរបស់លោកអ្នកមានសំណើម តើនឹងមានអ្វីកើតឡើង? ជាការពិតសំណើមឬ ដីប្រឡាក់គឺមិនអាចជៀសផុតបានឡើយនៅពេលលោកអ្នកពាក់ស្បែកជើងផ្ទាត់ ហើយនោះមេរោគទាំងឡាយនឹងមកតោងជើងរបស់អ្នក។ ដូច្នេះការពាក់ស្បែកជើងដែលបិទជិត មិនជ្រាបទឹកគឺជាជម្រើសដ៏ល្អបំផុតនៅពេលនេះ។
២ ស្បែកជើងប៊ូស្បែក
ស្បែកជើងប៊ូ ឬកាបូបដែលផលិតចេញពីស្បែក អាចជាជម្រើសល្អសម្រាប់អ្នក ព្រោះថាវាធន់ និងអាចប្រើប្រាស់បានយូរ។ ប៉ុន្តែរបស់ទាំងនេះ ក៏មានចំណុចខ្សោយរបស់វាដែរ ហើយនោះគឺការប៉ះទឹកដែលមាននៅក្នុងរដូវភ្លៀងនេះ។ ដូច្នេះលោកអ្នក ត្រូវជ្រើសរើសស្បែកជើងដែលផលិតចេញពីជ័រឬក្រណាត់ ព្រោះវាអាចធន់នឹងទឹកភ្លៀងបាន ហើយបើមិនចង់ឲ្យស្បែកជើងដ៏ថ្លៃរបស់អ្នកឆាប់ខូចទេនោះ លោកអ្នកត្រូវតែទុកវាមួយឡែកសិនហើយនៅក្នុងរដូវនេះ។
៣ ខោខាវប៊យ
យុវវ័យពិតជាពេញនិយមស្លៀកខោខាវប៊យតាមបែបសម័យថ្មី ដែលភាគច្រើនអាចនិយាយថា ស្ទើររាល់ពេលដែលចេញទៅក្រៅ ឬ ដើរលំហែកម្សាន្តនៅកន្លែងណាមួយព្រោះថា វាធន់មិនឆាប់រហែកនិងងាយស្រូលសម្រាប់ស្លៀកពាក់ទៀតផង។ ក៏ប៉ុន្តែលោកអ្នកមានធ្លាប់កត់សម្គាល់ដែរទេថា ពេលវាប៉ះសំណើមឬ ទឹកភ្លៀងខោខាវប៊យរបស់លោកអ្នកនឹងទៅជាយ៉ាងណា? ការពិតវានឹងអាចរបូតចេញពីចង្កេះលោកអ្នកដោយសារទម្ងន់ទឹកភ្លៀង។ ដូចច្នេះ ជាការប្រសើរលោកអ្នកត្រូវតែទុកវាមួយកន្លែងសិនហើយ។
៤ សំលៀកបំពាក់ពណ៌ស
សម្រាប់ប្រិយមិត្តមួយចំនួនដែលមិននិយមស្លៀកសំលៀកបំពាក់ពណ៌សគឺជាការប្រសើរ នៅរដូវក្ដៅ។ ក៏ប៉ុន្តែសម្រាប់ប្រិយមិត្តដែលចូលចិត្តស្លៀកសំលៀកបំពាក់បែបនេះនៅក្នុងរដូវភ្លៀងគឺពិតជាវីវរធំហើយ ព្រោះថាដំណក់ទឹកភ្លៀងនឹងជ្រាបចូលក្រណាត់ខោអាវរបស់អ្នក ងាយនឹងប្រឡាក់បន្ទាប់ពីធ្វើដំណើរកាត់ភ្លៀង ហើយបើជាសុភាពនារីវិញច្បាស់ជាលេចចេញសាច់សខ្ចីឲ្យគេមើលជាមិនខាន។ ដូច្នេះ ជម្រើសដ៏ល្អមួយ លោកអ្នកគួរតែស្លៀកសំលៀកបំពាក់ណាដែលស័ក្ដិសមនឹងរដូវភ្លៀង លើកលែងតែពណ៌សនេះចេញទៅ គឺគ្រប់គ្រាន់ហើយ។
៥ ឆត្រពណ៌ផ្កាឈូក
វាជារឿងមិនល្អនៅពេលនេះ សម្រាប់សុភាពបុរសទាំងឡាយ ដែលទាញឆត្រពណ៌ផ្កាឈូកមកទទូរភ្លៀង ស្របពេលដែលវាស័ក្ដិសមបំផុតសម្រាប់លើកសម្រស់តែសុភាពនារីនោះ។ដូច្នេះ នៅចាំអីទៀត ទិញឆត្រពណ៌ប្រផេះ ឬ បើបានពណ៌ខ្មៅរឹតតែល្អ ព្រោះថាពណ៌ទាំងនេះ វាមិនងាយប្រឡាក់ហើយស័ក្ដិសមនឹងលោកអ្នកជាបុរសទៀតផង៕
Source : sabay