ឲ្យតែជិតដល់ពេលប្រឡង អ្នកតែងតែខំប្រឹងទន្ទេញមេរៀនយ៉ាងមមាញឹករហូតពេលខ្លះដាច់បាយដាច់ទឹកក៏មាន។ អ្នកខ្លះខំពេកក៏ធ្វើឲ្យឈឺ អ្នកខ្លះខំដែរតែខំប្រឹងចម្លងឯកសារទុកបើកចាក់។ សិស្សភាគច្រើនតែងរអ៊ូថាមើលមេរៀនមិនចាំ ហើយមិនដឹងធ្វើម៉េចឲ្យចាំមេរៀនសម្រាប់ថ្ងៃប្រឡង។ ប៉ុន្តែថ្ងៃនេះ អ្នកឈប់បារម្ភទៀតទៅ ព្រោះត្រឹមតែប៉ុន្មានចំណុចខាងក្រោមអាចនឹងជួយអ្នកត្រៀមខ្លួនបានយ៉ាងល្អមុនថ្ងៃប្រឡងចូលមកដល់។
១. គូសវាសនៅលើក្រដាសតូចៗ៖
មុននឹងដល់ថ្ងៃប្រឡង អ្នកត្រូវសរសេរអ្វីដែលអ្នកអាចចាំបានទាក់ទងនឹងមុខវិជ្ជាដែលត្រូវប្រឡងលើក្រដាសតូចៗ។ បន្ទាប់មក ពិនិត្យមើលថាតើមានចំណុចណាខ្លះដែលអ្នកមិនចាំ។ បើមិនចាំ អ្នកអាចត្រលប់ទៅបើកសៀវភៅម្តងទៀតដើម្បីរំលឹកចំណុចទាំងនោះឡើងវិញ។
២. សរសេររូបមន្តជាមុន៖
អ្នកគួរសរសេររូបមន្ត សមីការ ឬទ្រឹស្តីណាដែលពាក់ព័ន្ធទុកម្តុំ ដើម្បីងាយស្រួលដល់ពេលអ្នកត្រូវការទាញមកមើលសម្រាប់ត្រៀមប្រឡង។
៣. គូសដ្យាក្រាម៖
គូសដ្យាក្រាមសាមញ្ញៗ និងងាយយល់ដើម្បីអាចពន្យល់ទៅអ្នកដទៃដែលមិនដែលរៀនមុខវិជ្ជានេះបាន។ ធ្វើដូចនេះអាចជួយឲ្យប្រធានបទរបស់អ្នកក្លាយជាងាយយល់ និងងាយចាំបានល្អ។
៤. សម្រាកឲ្យបានគ្រប់គ្រាន់៖
អ្នកគួរសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះការសម្រាកជួយឲ្យខួរក្បាលរបស់អ្នកចងចាំបានល្អ។ ប្រសិនបើអ្នកសម្រាកមិនបានគ្រប់គ្រាន់ទេនោះ ហាក់ដូចជាអ្នកកំពុងដាក់បន្ទុកធ្ងន់ធ្ងរឲ្យខួរក្បាលរបស់អ្នកធ្វើការមិនឈប់ដូច្នោះដែរ។ ដូចនេះ អ្នកត្រូវចេះលៃពេលណាត្រូវមើលមេរៀន និងពេលសម្រាកឲ្យបានគ្រប់គ្រាន់។
៥. Highlight ចំណុចណាដែលសំខាន់៖
ប្រើប៊ិចhighlight ពណ៌ចម្រុះដើម្បីឲ្យអ្នកអាចមើលឃើញចំណុចសំខាន់ក្នុងមេរៀននោះបានងាយជាមួយពណ៌ឆើតៗទាំងនោះ។ ដោយការធ្វើបែបនេះ អ្នកអាចនឹងនឹកឃើញចំណុចទាំងនោះ និងចំណុចដែលនៅក្បែរនោះនៅពេលប្រឡងបានផងដែរ។
៦. រៀនដើម្បីចេះ មិនមែនរៀនដើម្បីជាប់នោះទេ៖
ការប្រឡងពិតជាសំខាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺរៀនឲ្យខ្លួនអ្នកចេះ និងយល់ពីអ្វីដែលអ្នកបានរៀន ព្រោះអ្នកនឹងត្រូវការប្រើអ្វីដែលចេះនោះទៅធ្វើការងារ។ ដូច្នេះ បើរៀនគ្រាន់តែចង់ឲ្យជាប់នោះ គឺមិនអាចប្រើការបានទេ។
៧. រៀនជាក្រុម៖
វាគ្មានអ្វីប្លែកទេ ដែលអ្នកអាចចែករំលែកអ្វីដែលអ្នកចេះជាមួយមិត្តភក្តិផ្សេងទៀត។ ការរៀនជាក្រុមអាចជួយអ្នកឲ្យទទួលបានចំណេះដឹងបន្ថែម ហើយពេលខ្លះអ្នកអាចដឹងចំណុចខ្លះដែលអ្នកមិនដែលគិតដល់ក៏ថាបាន។
អ្នកអាចយកវិធីងាយៗខាងលើទៅអនុវត្តនៅមុនពេលប្រឡង បើទោះបីវាមិនអាចត្រូវសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ តែមានចំណុចខ្លះក៏អាចជួយអ្នកបានដែរតើ! សាកមើលទៅបើមិនជឿ។
Source : sabay