ភ្លេចហើយឬនៅ Smartphone របស់ HTC ដំបូងដែលរំលេចឡូហ្គោ Facebook ព្រមជាមួយមុខងារ Facebook Home? សម្រាប់ពេលនេះវិញ មានព័ត៌មានល្ហៀងៗមកថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងនេះ អាចនឹងសហការគ្នាជាមួយ Samsung ដែលជាក្រុមហ៊ុនផលិតទូរសព្ទធំជាងគេលើលោក។
នាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg បានទៅជួបលោក Shin Jong-Kyun ជាCEO របស់ Samsung កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សានិយាយពីសក្ដានុពលរបស់ក្រុមហ៊ុនខ្លួនទាំងសងខាង។ នេះបើតាមការឱ្យដឹងពីរបស់ លោក Shin CEO ចំនួន៣នាក់របស់ Samsung បានឱ្យដឹងបន្ទាប់ពីជំនួបនេះបញ្ចប់។
បើតាមអ្នកចាំឃ្លាំមើល បានឱ្យដឹងថា Samsung ទំនងជាមិនព្រមទទួលយកសំណើដាក់ចេញដោយ Facebook ចង់បង្កើតទូរសព្ទ Facebook នោះឡើយ។ ហេតុផលព្រោះថា Samsung នាពេលនេះកំពុងសម្លឹងទៅលើទីផ្សារ Smartphone ដោយចង់លេបត្របាក់តែម្នាក់ឯង ចង់ពង្រឹង និងពង្រីកឱ្យខ្លួនឯងធំធាត់ដោយឯករាជ្យ និងឈានទៅផ្ដួលដៃគូដែលកំពុងជែងគ្នាយ៉ាងក្ដៅគគុកនោះគឺ Apple។
រង់ចាំមើលទាំងអស់គ្នា តើទាំងពីរក្រុមហ៊ុនខាងលើមាននិស្ស័យអាចពួតដៃគ្នាប្រមាញ់យកទីផ្សារ Smartphone បានដែរឬយ៉ាងណា?
Source : Sabay