ក្រុងញូវយ៉ក : អ្នកជំនាញផ្នែកឧបករណ៍បច្ចេកវិទ្យា អេរីក លីមើរ បានណែនាំថា ការសាកថ្មទូរស័ព្ទឲ្យពេញ១០០ភាគរយគឺហុចផលមិនល្អទេចំពោះទូរស័ព្ទស្មាតហ្វូននោះ។ លោកបានបញ្ជាក់ថា អ្នកប្រើប្រាស់ទូរស័ព្ទទាំងឡាយគួរតែដកខ្សែឆ្នាំងសាកឲ្យបានមុនការបញ្ចូលថ្មពេញ១០០ភាគរយ។
លោកបានឲ្យដឹងទៀតថា ការប្រើទូរស័ព្ទរហូតដល់អស់ថ្មរលីង និងការសាកវារហូតដល់ថ្មពេញ១០០ភាគរយនោះ សុទ្ធតែមានផលមិនល្អដូចគ្នា។ ការសាកថ្មឲ្យពេញ១០០ភាគរយគួរអនុវត្តតែ១បានហើយក្នុង១ខែ។
អ្នកជំនាញរូបនេះបានឲ្យដឹងទៀតថា អ្នកប្រើប្រាស់ទូរស័ព្ទមិនគួរទុកឲ្យថ្មនៅកម្រិតទាបជាង៥០ភាគរយឡើយ។ ផ្ទុយទៅវិញការដោតសាកថ្មទូរស័ព្ទចោលរយៈពេលយូរអាចធ្វើឲ្យថ្មឆាប់ខូច ឬលែងកាន់ភ្លើងបាន។
ជាទូទៅ ទូរស័ព្ទស្មាតហ្វូនគួរតែមានថាមពលថ្មនៅចន្លោះពី៤០ទៅ៨០ភាគរយទើបល្អ។
លោកក៏បានច្រានចោលនូវមតិណែនាំដែលថា ទូរស័ព្ទទើបនឹងទិញថ្មីគួរតែធ្វើការសាកថ្ម៧២ម៉ោងសឹមប្រើ។ ការណែនាំនេះមិនសមស្របនឹងសម័យបច្ចុប្បន្នដែលទូរស័ព្ទដៃនានាសុទ្ធតែប្រើថ្មលីទីញ៉ូមអ៊ីយ៉ុងនោះទេ។
ទន្ទឹមនឹងនោះ សីតុណ្ហភាពក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាអាយុកាលនៃថ្មទូរស័ព្ទឲ្យប្រើបានយូរផងដែរ។ លក្ខខណ្ឌល្អបំផុតសម្រាប់ថ្មទូរស័ព្ទគឺស្ថិតនៅសីតុណ្ហភាព១៥អង្សា។
ប្រសិនបើសីតុណ្ហភាពឡើងដល់២៥អង្សា នោះថ្មទូរស័ព្ទនឹងបាត់បង់លទ្ធភាពកាន់ភ្លើង២០ភាគរយជារៀងរាល់ឆ្នាំ។
អ្នកជំនាញអេរីក លីមឺរ បាននិយាយទៀតថា ឆ្នាំងសាកថ្មឥតខ្សែ ឬ Wireless Charger ក៏អាចធ្វើឲ្យថ្មឆាប់ខូចផងដែរ។
អ្នកអាចថែរក្សាថ្មទូរស័ព្ទឲ្យបានយូរដោយបន្ថយកម្រិតពន្លឺលើអេក្រង់ បិទកម្មវិធីណាដែលមិនចាំបាច់ និងចាក់សោទូរស័ព្ទរាល់ពេលដែលអ្នកបញ្ចប់ការប្រើប្រាស់វា៕
Source : postkhmer