TwitterFacebookGoogle PlusLinkedInRSS FeedEmail

អ្នក​ទោស​ឥណ្ឌូណេស៊ី២០០​នាក់​រត់​ចេញ​ពី​គុក

ប្រភព​ពី​សារព័ត៌មាន Channelnewsasia​ បាន​រាយការណ៍​មក​​ថា មាន​អ្នក​ទោស​ឥណ្ឌូណេស៊ី​ចំនួន​ ២០០​នាក់ ​បាន​រត់​គេច​ខ្លួន​បន្ទាប់​ពី​មាន​​​អំពើ​ហិង្សា​ដុត​កម្ទេច​ពន្ធនាគារ​មួយ​កន្លែង​នៅ​ក្រុង ​Medan កោះ​សូម៉ាត្រា ​កាល​ពី​ម្សិលមិញ។
ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​ខាងលើ ​បាន​ឲ្យ​ដឹង​ថា ការ​​រត់​គេច​ខ្លួន​របស់​អ្នកទោស​​ទាំង​​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​​អ្នកទោស​​​ភេរវកម្ម​ចំនួន​ ១៣ ​​រួម​ទាំង​អ្នកទោស​ជា​ច្រើន​រយ​នាក់​​​ផ្សេង​ទៀត​ ដែល​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​នេះ បាន​​បះបោរ​ វាយ​កម្ទេច​ជញ្ជាំង​គុក​ និង​ដុត​បំផ្លាញ​​អគារ​ពន្ធនាគារ​​​ចោល ដើម្បី​​​បង្កើត​ភាព​ចលាចល​​ដែល​អាច​ធ្វើ​​ឲ្យ​អ្នក​ទោស​​​រត់​គេច​ចេញ​ពី​ពន្ធនាគារ​ខាងលើ​បាន​។
​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ខាងលើ ​បាន​បញ្ជាក់​ផង​ដែរ អណ្ដាត​ភ្លើង​នៅ​តែ​បន្ត​ឆេះ​រហូត​ដល់​​ម៉ោង​ ១០:០០​យប់​មិញ​ បន្ទាប់​ពី​អ្នក​ទោស​បាន​ដុត​បំផ្លាញ​តាំង​ពី​​រសៀល​ថ្ងៃ​ដដែល​នេះ។ លោក​បាន​បន្ត​ថា ប៉ូលិស​ចំនួន ​៧០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​នោះ​ភ្លាមៗផង​​ដែរ ដើម្បី​ធ្វើ​អន្តរាគមន៍​រក្សា​សណ្ដាប់​ធ្នាប់​ឡើងវិញ  និង​ធ្វើ​ការពារ​អ្នក​ទោស​ជាង​ ២.៦០០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​នៅ​​​​ទីនោះ៕



source : sabay news